មហាសេដ្ឋីមានបំផុតនៅអាស៊ីសញ្ជាតិឥណ្ឌា លោក Mukesh Ambani បានប្រកាសទិញភាគហ៊ុនធំបំផុតរបស់សណ្ឋាគារ Mandarin Oriental នៅទីក្រុង New York ក្នុងតម្លៃ ៩៨ លានដុល្លារ ដែលគិតជាភាគរយ គឺទិញបាន ៧៣,៤% សម្រាប់អចលនទ្រព្យខ្នាតយក្សមួយនេះ។
បើតាមការឲ្យដឹងពីក្រុមហ៊ុន Reliance ក្រោមការគ្រប់គ្រងរបស់ស្ដេចត្រាញ់ឥណ្ឌារូបនេះ ក៏បង្ហើបពីគម្រោងទិញផ្ដាច់ចំណែកភាគហ៊ុនដែលសេសសល់ ក្នុងតម្លៃប្រហាក់ប្រហែលគ្នា ក្នុងករណីម្ចាស់ភាគហ៊ុនផ្សេងទៀតយល់ព្រមចង់លក់ចំណែករបស់ពួកគេ។
ទន្ទឹមនឹងនោះ ភាគីទាំងសងខាងពោលគឺ Reliance និង Investment Corporation of Dubai ដែលជាម្ចាស់ភាគហ៊ុនធំនៃសណ្ឋាគារ Madarin Oriental នឹងសម្រេចកិច្ចព្រមព្រៀងនៅចុងខែមីនាខាងមុខ ជាមួយតម្លៃ ៩៨,២ លានដុល្លារ ស្របពេលតម្លៃរបស់សណ្ឋាគារទាំងមូលគឺស្ថិតនៅខ្ទង់ប្រមាណជាង ៣០០ លានដុល្លារ។
បញ្ជាក់ដែរថា មិនខុសគ្នាពីសណ្ឋាគារដទៃទៀត Mandarin Oriental គឺទទួលបានភាពអវិជ្ជមានជាខ្លាំងដោយសារការរាតត្បាតកូវីដ ១៩ ពោលចំណូលដែលទទួលបានកាលពីឆ្នាំ ២០២០ គឺបានត្រឹម ១៥ លានដុល្លារ ដែលខុសគ្នាដាច់កាលពីឆ្នាំ ២០១៨ និង ២០១៩ ដែលទទួលបាន ១១៥ លានដុល្លារ និង ១១៣ លានដុល្លារ៕
ប្រភព: MSN