លោក Changpeng Zhao ដែលជាស្ថាបនិកក្រុមហ៊ុន Binance ដែលផ្ដល់សេវាកម្មជួញដូរលើរូបិយប័ណ្ណគ្រីបតូ (Cryptocurrency) បានជាប់ឈ្មោះជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតមួយរូបលើលោក។
បើតាមការចុះផ្សាយពីគេហទំព័រ Bloomberg Billionaires Index ដែលបានចុះផ្សាយកាលពីថ្ងៃច័ន្ទកន្លងទៅបានឲ្យដឹងថា បុរសដែលមានរហស្សនាម CZ គឺមានទ្រព្យសម្បត្តិប្រមាណ ៩៦ ពាន់លានដុល្លារ និងបានចូលទៅក្នុងបញ្ជីកំពូលមហាសេដ្ឋីលើពិភពលោក។
ដោយឡែក ទ្រព្យសម្បត្តិរបស់ CEO វ័យ ៤៤ ឆ្នាំនេះផងដែរ គឺមានចំនួនស្មើនឹងស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison និងបានវ៉ាដាច់មហាសេដ្ឋីមានជាងគេនៅអាស៊ី Mukesh Ambani ដែលក្នុងរយៈកាល ២ ឆ្នាំនេះមានការងើបឡើងខ្លាំង។
បញ្ជាក់ដែរថា សម្រាប់អ្នកជំនួញដែលកំពុងរកស៊ីលើវិស័យកាក់ឌីជីថលនេះ គឺទទួលបានភាពជោគជ័យច្រើន។ ជាក់ស្ដែងស្ថាបនិកកាក់ Ethereum លោក Vitalik Buterin និងស្ថាបនិកក្រុមហ៊ុន Coinbase លោក Brain Armstrong សុទ្ធតែបានក្លាយជាមហាសេដ្ឋីកាលពីឆ្នាំទៅ ដោយសារមុខជំនួញលើវិស័យថ្មីនេះ។
យ៉ាងណា ថ្វីបើវិស័យថ្មីនេះកំពុងពេញនិយមក្ដី តែដោយសារកង្វះខាតផ្នែកសុវត្ថិភាព ទើបបណ្ដាប្រទេសជាច្រើនមិនទទួលស្គាល់ការធ្វើអាជីវកម្មលើប្រព័ន្ធជួញដូរបែបនេះឡើយ តួយ៉ាង Binance ត្រូវបានហាមមិនឲ្យប្រើប្រាស់នៅចក្រភពអង់គ្លេស និងកាណាដា៕
ប្រភព: CNN