ឧកញ៉ាញ៉ូវសន៍បានចុះផ្សាយមួយលេខទាក់ទងនឹងតម្លៃផ្ទះនៅតំបន់ Beverly Hills ដែលជាទីតាំងពេញនិយមមួយសម្រាប់បុគ្គលមានទ្រព្យសម្បត្តិកប់ក្ដោង និងហ៊ានជះលុយខ្ទង់លានៗដុល្លារទៅលើការទិញលំនៅឋានមួយខ្នង។

ជាក់ស្ដែង កាលពីប៉ុន្មានខែមុនមហាសេដ្ឋី Nicolas Berggruen ទើបនឹងសម្រេចទិញផ្ទះមួយខ្នងនៅតំបន់អ្នកមាននេះ ក្នុងតម្លៃដល់ទៅ ៦៣ លានដុល្លារឯណោះ។ ស្រាប់តែថ្មីៗនេះមានព័ត៌មានថា លោកទើបនឹងសម្រេចទិញផ្ទះមួយខ្នងទៀតនៅទីតាំងជាមួយគ្នាក្នុងតម្លៃ ១២,៣ លានដុល្លារ។


ផ្ទះទី ២ ដែលវិនិយោគិនវ័យ ៦០ ឆ្នាំទើបនឹងទិញនោះ គឺនៅជាប់របងនឹងភូមិគ្រឹះតម្លៃជាង ៦០ លានដុល្លាររបស់លោកតែម្ដង។


ថ្វីបើធៀបនឹងផ្ទះតម្លៃជាង ៦០ លានដុល្លារ វាមានទំហំតូចជាងមែនពិត តែផ្ទះមួយខ្នងនេះមានបន្ទប់គេង ៧ បន្ទប់ ផ្ទះបាយដ៏ធំមួយ អាងហែលទឹកមួយ និងទីធ្លាធំទូលាយ រួមជាមួយនឹងគ្រឿងសង្ហារិមស៊ីវិល័យជាច្រើនផងដែរ។

បញ្ជាក់ដែរថា លោក Nicolas គឺជាវិនិយោគិន និងជាសប្បុរសជនមួយរូបដែលមានដើមកំណើតនៅទីក្រុងប៉ារីស ប្រទេសបារាំង ប៉ុន្តែលោកបែរជាមានសញ្ជាតិ ២ គឺអាមេរិកាំង និងអាល្លឺម៉ង់ទៅវិញ។ បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីវ័យ ៦០ ឆ្នាំគឺមានប្រមាណ ១,៧ ពាន់លានដុល្លារ៕
ប្រភព: patch