យោងតាមរបាយការណ៍ថ្មីមួយរបស់ Henley Passport Index បានបង្ហាញពីការប្រែប្រួលនៃឥទ្ធពលលិខិតឆ្លងដែនរបស់ប្រទេសមួយចំនួន ដែលអាចធ្វើដំណើរដោយសេរី ពោលគឺពុំចាំបាច់ត្រូវប្រើប្រាស់ទិដ្ឋាកានោះឡើយ នៅដើមឆ្នាំ ២០២២ នេះ តួយ៉ាងដូចជាជប៉ុន និងសឹង្ហបុរី នៅតែបានរក្សាតំណែងរបស់ពួកគេ ក្នុងនាមជាប្រទេសដែលមានលិខិតឆ្លងដែន មានឥទ្ធិពលខ្លាំងបំផុត នៅលើពិភពលោក ។
ជាក់ស្តែងនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ឥណ្ឌាហាក់បានធ្វើឲ្យប្រសើរឡើងនូវឥទ្ធិពលលិខិតឆ្លងដែនរបស់ខ្លួន ដោយបានកើនឡើងចំនួន ៧ លេខ ដល់ចំណាត់ថ្នាក់ទី ៨៣ បើប្រៀបធៀបទៅនឹងចំណាត់ថ្នាក់ទី ៩០ ក្នុងឆ្នាំ ២០២១ ដោយឥឡូវនេះពួកគេអាចធ្វើដំណើរទៅកាន់ ៦០ ប្រទេស ដោយពុំចាំបាច់មានទិដ្ឋាការនោះឡើយ ។
ជាងនេះទៅទៀត អាល្លឺម៉ង់ និងកូរ៉េខាងត្បូងបានឈរនៅចំណាត់ថ្នាក់លេខ ២ រួមគ្នា តាមរយ:ការវាយតម្លៃចុងក្រោយ ដោយប្រទេសទាំង ២ នេះ គឺអាចកាន់លិខិតឆ្លងដែនរបស់ពួកគេ ទៅកាន់ប្រទេស ១៩០ ដោយពុំចាំបាច់មានទិដ្ឋាការឡើយ ។
តោះ! កុំឱ្យរង់ចាំយូរ យើងក្រឡេកទៅមើលបញ្ជីឈ្មោះពេញ នៃប្រទេសដែលមានលិខិតឆ្លងដែនមានឥទ្ធពលខ្លាំងបំផុត នៅលើពិភពលោក ក្នុងឆ្នាំ ២០២២ នេះ ៖
១. លិខិតឆ្លងដែន ជប៉ុន , សឹង្ហបុរី អាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការ ទៅ ១៩២ ប្រទេស
២. លិខិតឆ្លងដែន អាល្លឺម៉ង់, កូរ៉េខាងត្បូង អាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការ ទៅ ១៩០ ប្រទេស
៣. លិខិតឆ្លងដែន ហ្វាំងឡង់ , អ៊ីតាលី , លុចសាំប៊ួ , អេស្ប៉ាញ អាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការ ទៅ ១៨៩ ប្រទេស
៤. លិខិតឆ្លងដែន អូទ្រីស , ដាណឺម៉ាក , បារាំង , ហូឡង់ , ស៊ុតអែត អាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការ ទៅ ១៨៨ ប្រទេស
៥. លិខិតឆ្លងដែន អៀឡង់ , ព័រទុយហ្គាល់ អាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការ ទៅ ១៨៧ ប្រទេស
៦. លិខិតឆ្លងដែន ប៊ែលហ្ស៊ិក , ណូវែលហ្សេឡង់ , ន័រវេស , ចក្រភពអង់គ្លេស , សហរដ្ឋអាមេរិក អាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការ ទៅ ១៨៦ ប្រទេស
៧. លិខិតឆ្លងដែន អូស្រ្តាលី , កាណាដា , សាធារណរដ្ឋឆែក , ក្រិក , ម៉ាលតា អាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការ ទៅ ១៨៥ ប្រទេស
៨. លិខិតឆ្លងដែន ប៉ូឡូញ , ហុងគ្រី អាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការ ទៅ ១៨៣ ប្រទេស
៩. លិខិតឆ្លងដែន លីទុយអានី , ស្លូវ៉ាគី អាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការ ទៅ ១៨២ ប្រទេស
១០. លិខិតឆ្លងដែន អេស្តូនី , ឡាតវី , ស្លូវេនី អាចធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការ ទៅ ១៨១ ប្រទេស
គួរបញ្ជាក់ផងដែរថា ចំពោះលិខិតឆ្លងដែនរបស់ប្រទេសកម្ពុជាយើងវិញ គឺអាចធ្វើដំណើរដោយពុំចាំបាច់មានទិដ្ឋាការ រហូតដល់ទៅ ៥៤ ប្រទេស ខណ:ឈរនៅលេខរៀងទី ៩១ លើពិភពលោក ៕
ប្រភព: Businesstoday