នៅព្រឹកថ្ងៃទី ១៣ មករាកន្លងទៅ ក្រុមហ៊ុនលក់សម្លៀកបំពាក់របស់ប្រទេសជប៉ុនគឺ Uniqlo បានបង្ហើបឲ្យដឹងថា ចំណូលដែលទទួលបាននៅត្រីមាសទី ១ បានកើនឡើងដល់ទៅ ៥,៦% បើធៀបនឹងឆ្នាំទៅ ខណៈភាគច្រើនគឺបានមកពីការលក់នៅអាស៊ីខាងត្បូង អាមេរិកខាងជើង និងអឺរ៉ុប។

ប្រាក់ចំណូលរបស់ក្រុមហ៊ុនជប៉ុនមួយនេះបានកើនឡើងដល់ទៅ ១១៩,៤ ពាន់លានយ៉េន ឬ ១,០៤ ពាន់លានដុល្លារនៅក្នុងរយៈពេល ៣ ខែ គិតត្រឹមចុងខែវិច្ឆិកាឆ្នាំ២០២១ បើធៀបនឹងឆ្នាំទៅក្នុងពេលដូចគ្នា គឺទទួលបាន ១០២,៦ ពាន់លានយ៉េន។
ដោយឡែក សម្រាប់ទីផ្សារអន្តរជាតិរបស់ Uniqlo វិញត្រូវបានរាយការណ៍មកថា នៅត្រីមាសទីមួយគឺមានស្ថិតិល្អ បើទោះជាទីផ្សារនៅជប៉ុន និងចិនហាក់បង្ហាញសញ្ញាអវិជ្ជមានក៏ដោយ។ នេះបើតាមការបញ្ជាក់ពីខាងក្រុមហ៊ុនផ្ទាល់។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនយីហោរបស់ជប៉ុននេះបានព្យាករណ៍ថា ចំណូលរបស់ពួកគេនឹងអាចកើនឡើងដល់ ៨,៤% ពោលកើនដល់ ២៧០ ពាន់លានយ៉េននៅពេលទូទាត់បញ្ជីចំណូលចំណាយប្រចាំឆ្នាំ ដែលនឹងធ្វើនៅចុងខែសីហា។

បញ្ជាក់ដែរថា ហាងលក់សម្លៀកបំពាក់ដ៏ពេញនិយមលើពិភពលោកមួយនេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋីជប៉ុន Tadashi Yanai ដែលជាបុគ្គលមានបំផុតទី ២ ប្រចាំប្រទេសជាមួយទំហំទ្រព្យសម្បត្តិជាង ២០ ពាន់លានដុល្លារ៕
ប្រភព: CNA