ក្រុមហ៊ុន Reliance Industries Ltd របស់ឥណ្ឌា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងធ្វើការវិនិយោគទឹកប្រាក់ប្រមាណ ៥,៩៥ ទ្រីលានរូពី ឬ ៨០,៤៩ ពាន់លានដុល្លារ ទៅលើថាមពលបៃតង និងគម្រោងផ្សេងៗទៀត នៅក្នុងរដ្ឋ Gujarat ភាគខាងលិចប្រទេស ខណ:ក្រុមហ៊ុនបានកំណត់យកគោលដៅ ដើម្បីបំភាយឧស្ម័នពុលមកត្រឹមកម្រិតសូន្យ នៅត្រឹមឆ្នាំ ២០៣៥ ។
ជាក់ស្តែងក្រុមហ៊ុនខាងលើ នឹងធ្វើការវិនិយោគទឹកប្រាក់ ៥ ទ្រីលានរូពី សម្រាប់រយ:ពេល ១០ ទៅ ១៥ ឆ្នាំ ដើម្បីបង្កើតរោងចក្រថាមពលកកើតឡើងវិញ ចំនួន ១០០ ជីហ្គាវ៉ាត់ ខណ:ពេលដែលពួកគេបានចាប់ផ្តើមរុករកទីកន្លែង សម្រាប់ចាប់ផ្តើមគម្រោងដ៏ធំរបស់ខ្លួនមួយនេះ រួចរាល់ហើយផងដែរ ។
មិនតែប៉ុណ្ណោះ ទឹកប្រាក់ដែលនៅសេសសល់ប្រមាណ ៦០០ ពាន់លានរូពី គឺនឹងត្រូវប្រើប្រាស់ សម្រាប់បង្កើតម៉ូដុលទាញយកថាមពលពីព្រះអាទិត្យ រួមទាំងកោសិកាឥន្ធន: និង ២៥០ ពាន់លានរូពីទៀត សម្រាប់ការវិនិយោគទៅលើគម្រោងដែលមានស្រាប់ និងរួមទាំងការបណ្តាក់ទុនថ្មីៗ ក្នុងរយ:ពេល ៣ ទៅ ៥ ឆ្នាំ ខាងមុខទៀតផង ។
បន្ថែមពីនេះ ក្រុមហ៊ុន Reliance ក៏នឹងចំណាយប្រាក់ប្រមាណ ៧៥ ពាន់លានរូពី ដើម្បីធ្វើឱ្យប្រសើរឡើងនូវបណ្តាញទូរគមនាគមន៍ Jio របស់ខ្លួន រួមទាំងការបណ្តាក់ទុនចំនួន ៣០ ពាន់លានរូពី នៅក្នុងអាជីវកម្មហាងលក់ទំនិញរាយរបស់ខ្លួនផងដែរ ។
លើសពីនេះ ក្រុមហ៊ុនលំដាប់យក្សឥណ្ឌា Reliance បានសង្កត់ធ្ងន់ថា គម្រោងដ៏ធំរបស់ខ្លួនមួយនេះ នឹងអាចបង្កើតការងារថ្មីៗប្រមាណ ១ លានកន្លែង ទាំងឱកាសការងារដោយផ្ទាល់ និង ដោយប្រយោល នៅក្នុងរដ្ឋ Gujarat ។
លើសពីនេះ កាលពីខែមិថុនាឆ្នាំមុន ក្រុមហ៊ុន Reliance បាននិយាយថា ខ្លួននឹងធ្វើការវិនិយោគ ១០,១ ពាន់លានដុល្លារ ទៅលើថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន ក្នុងរយ:ពេល ៣ ឆ្នាំ ដើម្បីជំរុញឱ្យពួកគេក្លាយទៅជាក្រុមហ៊ុនមួយ ដែលគ្មានការបំភាយឧស្ម័នកាបូនទាល់តែសោះ នៅត្រឹមឆ្នាំ ២០៣៥ ៕
ប្រភព: KeloNews