កាលពីថ្ងៃទី ១៣ មករាកន្លងទៅ ក្រុមហ៊ុនកូរ៉េខាងត្បូង Posco ដែលជាក្រុមហ៊ុនផលិតដែកថែប បានចុះកិច្ចសន្យាចាប់ដៃគូជាមួយក្រុមហ៊ុន Adani Group ក្នុងគម្រោងសាងសង់រោងចក្រផលិតដែកថែបនៅប្រទេសឥណ្ឌា។
បើយោងតាមការប្រកាសពីខាងក្រុមហ៊ុនកូរ៉េខាងត្បូងបានឲ្យដឹងថា ក្រៅពីគម្រោងការណ៍សាងសង់រោងចក្រដែកថែប ពួកគេនឹងសិក្សាបន្ថែមឲ្យលំអិតពីផែនការផ្សេងៗទៀត ក្នុងការកាត់បន្ថយការបំភាយឧស្ម័នពុលកាបូនទៅក្នុងបរិយាកាស។
ដោយឡែក យោងតាមការចុះផ្សាយពី The Korea Herald បានឲ្យដឹងថា Posco និង Adani កំពុងចុះសិក្សាពីទីតាំងនៃការសាងសង់រោងចក្រនៅភាគខាងលិចនៃរដ្ឋ Gujarat ខណៈតម្លៃនៃការសាងសង់រោងចក្រមួយនេះនឹងគិតបញ្ចូលពីកញ្ចប់ថវិកាវិនិយោគ ៥ ពាន់លានដុល្លារ។
រីឯ Reuters វិញក៏បានរាយការណ៍ដែរថា ផែនការសាងសង់រោងចក្រដែកថែបគ្រាន់តែជាផ្នែកមួយនៃកិច្ចសន្យារវាង Posco និង Adani ប៉ុណ្ណោះ ខណៈវាក៏នឹងអាចផ្ដល់ឱកាសថ្មីមួយក្នុងការបន្ថែមតម្រូវការផ្គត់ផ្គង់ដែកថែបទូទាំងតំបន់អាស៊ីខាងត្បូងផងដែរ។
យ៉ាងណា កញ្ចប់ថវិកាប្រមាណ ៥ ពាន់លានដុល្លារនោះ នឹងបោះទុនទៅលើវិស័យឧស្សាហកម្មផ្សេងៗទៀតដូចជា ថាមពលអ៊ីដ្រូសែន វិស័យដឹកជញ្ជូន និងថាមពលកកើតឡើងវិញជាដើម។
បញ្ជាក់ដែរថា កន្លងមក Adani ធ្លាប់បង្ហើបថា នឹងបោះលុយប្រមាណ ២០ ពាន់លានដុល្លារទៅលើការកែច្នៃថាមពលកកើតឡើងវិញ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ស្របពេលគោលបំណងសំខាន់មួយទៀត គឺនឹងព្យាយាមកាត់បន្ថយការបំភាយឧស្ម័នកាបូនឲ្យអស់ត្រឹមឆ្នាំ ២០២៥៕
ប្រភព: econotimes