ប្រធាននៃអាជ្ញាធរព្រែកជីកស៊ុយអេ (SCA) បាននិយាយកាលពីថ្ងៃអាទិត្យថា គម្រោងពង្រីកផ្នែកខ្លះនៃព្រែកជីកកាត់ទ្វីបមួយនេះ ត្រូវបានរំពឹងថានឹងត្រូវបញ្ចប់ជាស្ថាពរ នៅក្នុងខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ បន្ទាប់ពីដំណើរការងារអស់រយ:ពេល ២ ឆ្នាំ ។
ជាក់ស្តែង SCA បានធ្វើការប្រកាសទៀតថា ខ្លួនបាននឹងកំពុងពន្លឿនផែនការពង្រីក ផ្នែកទី ២ នៃព្រែកជីក និងថែមទាំងពង្រីកបណ្តាញដែលមានស្រាប់បន្ថែមទៀត បន្ទាប់ពីកប៉ាល់ដឹកទំនិញខ្នាតយក្ស Ever Given បានបើកគឿងជាប់គាំង និងបិទផ្លូវទឹកដ៏សំខាន់មួយនេះ អស់រយ:ពេលប្រាំមួយថ្ងៃ កាលពីឆ្នាំមុន ។
មិនតែប៉ុណ្ណោះ ប្រធាន SCA លោក Osama Rabie បាននិយាយ នៅអំឡុងការប្រជុំមួយនៅក្នុងទីក្រុងឌូបៃថា ៖ ” គម្រោងដ៏ធំមួយនេះ នឹងត្រូវបញ្ចប់ក្នុងរយ:ពេល ២៤ ខែ។ យើងបានចាប់ផ្តើមធ្វើការងារនេះ នៅក្នុងខែកក្កដា ឆ្នាំ ២០២១ ហើយយើងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ ២០២៣ “។
លើសពីនេះ លោក Rabie បានសង្កត់ធ្ងន់ទៀតថា បន្ទាប់ពីការពង្រីកកន្លងទី ២ នេះហើយ ព្រែកជីកស៊ុយអេ នឹងបង្កើនសមត្ថភាព ដោយអាចអនុញ្ញាតឱ្យកប៉ាល់ធំៗចំនួនប្រាំមួយបើកចៀសគ្នាបាន ។
គួរឱ្យដឹងផងដែរថា ភាគខាងត្បូង មានចម្ងាយ ៣០ គីឡូម៉ែត្រពីច្រកចូលព្រែកជីក ដែលជាកន្លែងកប៉ាល់ Ever Given ធ្លាប់ជាប់គាំង នឹងត្រូវធ្វើការពង្រីកបន្ថែម ៤០ ម៉ែត្រ និងជីកជម្រៅដល់ ៧២ ហ្វីត ពីជម្រៅបច្ចុប្បន្ន ៦៦ ហ្វីត ។ យ៉ាងណា នេះបើតាមផែនការ ដែលអាជ្ញាធរព្រែកជីកស៊ុយអេ បានប្រកាសពីមុន៕
ប្រភព: Reurters