ក្រុមហ៊ុនមេ Unilever បានផ្ដល់សញ្ញាមកថា ពួកគេនឹងនៅបន្តតាមចុះកុងត្រាជាមួយក្រុមហ៊ុន GlaxoSmithKline នៅលើវិស័យថែទាំសុខភាពដោយជឿជាក់ថា ការចុះកុងត្រាមួយនេះនឹងអាចផ្ដល់ផលប្រយោជន៍ធំនាថ្ងៃខាងមុខ។
ការបង្ហើបពីផែនការមួយនេះ ធ្វើឡើងបន្ទាប់ពី GSK បញ្ជាក់កាលពីចុងសប្ដាហ៍បដិសេធសំណើចាប់ដៃគូសហការពី Unilever នៅលើវិស័យថែទាំសុខភាពដូចជា ការផលិតថ្នាំដុសធ្មេញ Sensodyne និងអាហារបំប៉ន Emergen-C ជាដើម ខណៈសំណើដែល Unilever បានផ្ដល់ឲ្យ GSK គឺមានតម្លៃប្រមាណ ៦៨,៤ ពាន់លានដុល្លារ។
បើតាមការចុះផ្សាយពី Bloomberg News បានរាយការណ៍កាលពីថ្ងៃអាទិត្យថា Unilever បានជួបពិភាក្សាជាមួយធនាគារជាច្រើនអំពីបញ្ហាហិរញ្ញវត្ថុ ដើម្បីត្រៀមដាក់សំណើធំជាងមុនទៅកាន់ GSK ម្ដងទៀត។
បញ្ជាក់ដែរថា ក្រុមហ៊ុនដែលមានទីស្នាក់ការកណ្ដាលនៅចក្រភពអង់គ្លេសមួយនេះមានទំហំមូលធនទីផ្សារបច្ចុប្បន្នប្រមាណ ១៣៩,៣២ ពាន់លានដុល្លារ ស្របពេល GSK មានមូលធនទីផ្សារចាញ់ Unilever តិចតួចប៉ុណ្ណោះ ពោល ១១៤,៤ ពាន់លានដុល្លារ៕
ប្រភព: Kelo