ថ្មីៗនេះក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតរបស់ន័រវេស Telenor Group បានយល់ព្រមលក់ភាគហ៊ុនសេសសល់របស់ខ្លួន ចំនួន ៥១% ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនឹងធ្វើឱ្យពួកគេកាន់តែខិតជិត ក្នុងការចាកចេញពីប្រទេស ដែលកំពុងកើនឡើងជម្លោះផ្ទៃក្នុង ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំមុនមក ។
ជាក់ស្តែងភាគហ៊ុនដែល Telenor មាននៅក្នុងក្រុមហ៊ុន Digital Money Myanmar ឬត្រូវបានគេស្គាល់ថាជា Wave Money ទាំងអស់នឹងត្រូវលក់ទៅឱ្យក្រុមហ៊ុន Yoma Strategic Holdings Ltd ដែលបានចុះបញ្ជីនៅក្នុងប្រទេសសឹង្ហបុរី បន្ទាប់ពីពួកគេបានផ្តល់មូនិធិក្នុងការទិញយក នៅក្នុងតម្លៃប្រមាណ ៥៣ លានដុល្លារ ស្របពេល Yoma Strategic ត្រូវបានគេដឹងថា គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋីអចលនទ្រព្យកើតនៅមីយ៉ាន់ម៉ា លោក Serge Pun ។
យ៉ាងណាបើតាមកិច្ចព្រមព្រៀងចុងក្រោយនេះ មានន័យថា Yoma នឹងក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Wave Money ដែលធ្លាប់បានគ្រប់គ្រងទៅលើការផ្ទេរសាច់ប្រាក់ និងការទូទាត់ចំនួន ៨,៧ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២០ ឬស្មើនឹង ២១% នៃផលិតផលក្នុងស្រុកសរុប របស់ប្រទេសមីយ៉ាន់ម៉ា ។
គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន Telenor កាលពីឆ្នាំមុន ក៏បានយល់ព្រមលក់ក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទ នៅក្នុងប្រទេសមីយ៉ាន់ម៉ារបស់ខ្លួន ទៅឱ្យក្រុមហ៊ុន M1 Group ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Beirut ក្នុងតម្លៃ ១០៥ លានដុល្លារផងដែរ ។
តែទោះជាយ៉ាងណាក៏ដោយ មានរបាយការណ៍បានលើកឡើងអំពីការពន្យាពេល ក្នុងការបិទបញ្ចប់កិច្ចព្រមព្រៀងមួយនេះ ស្របពេលរបបដែលដឹកនាំដោយយោធា ចង់បានម្ចាស់កម្មសិទ្ធភាគហ៊ុនថ្មី គឺជាជនជាតិមីយ៉ាន់ម៉ា ហើយជាមួយគ្នានោះ លោក Serge Pun ត្រូវបានគេមើលឃើញថាជាភាគីមួយ ក្នុងចំណោមភាគីដទៃទៀត ដែលចាប់អារម្មណ៍ទៅលើការទិញយកភាគហ៊ុននេះ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Telenor ដ៏ធំរបស់ន័រវេសមួយនេះ បានស្ថិតនៅក្នុងចំណោមក្រុមហ៊ុនធំៗដ៏ទៃទៀត ដែលកំពុងចង់ចាកចេញពីមីយ៉ាន់ម៉ា បន្ទាប់ពីប្រទេសនេះ បានធ្លាក់ចូលទៅក្នុងភាពចលាចល ក្រោយពីរដ្ឋប្រហារកាលពីខែកុម្ភ:ឆ្នាំមុន ដែលដឹកនាំដោយមេទ័ព Min Aung Hlaing ៕
ប្រភព: Bangkok Post