ដូចបានដឹងរួចមកហើយថា ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ ១៩ មក សេដ្ឋកិច្ចទូទាំងពិភពលោកបានបង្ហាញសញ្ញាអវិជ្ជមានជាខ្លាំង តែងាកទៅមើលអត្រាកំណើនមហាសេដ្ឋីវិញ គឺនៅតែមានការកើនឡើងឥតឈប់ឈរ។

បើតាមរបាយការណ៍ពីអង្គការក្រៅរដ្ឋាភិបាលមួយបានបង្ហាញពីវិសមភាពសង្គម ដោយមហាសេដ្ឋីមានបំផុតទាំង ១០ រូបលើលោកបានបង្កើនទំហំទ្រព្យសម្បត្តិរបស់ពួកគេទ្វេដង អំឡុងពេលមានការរាតត្បាតជំងឺកូវីដ ១៩ តាំងពីឆ្នាំ ២០២០ មក ស្របពេលប្រជាជនយ៉ាងតិច ១៦០ លាននាក់បានធ្លាក់ចូលរណ្ដៅភាពក្រីក្រ។

អ្វីដែលនឹកស្មានមិនដល់ គឺបន្ទាប់ពីមានការរាតត្បាតកូវីដ ១៩ រៀងរាល់ ២៦ ម៉ោងម្ដង តែងលេចនូវវត្តមានមហាសេដ្ឋីម្នាក់។ នេះបើតាមការចុះផ្សាយពី World Economic Forum កាលពីថ្ងៃច័ន្ទកន្លងទៅ។
ដូច្នេះហើយ Oxfam ដែលជាអង្គការសប្បុរសធម៌អន្តរជាតិ បានបង្ហាញថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានបំផុតទាំង ១០ រូបនោះ បើសិនជាបូកបញ្ចូលគ្នាគឺ ច្រើនជាងប្រជាជនក្រីក្រដល់ទៅ ៣,១ ពាន់លាននាក់ ហើយបើសិនជាក្នុងមួយថ្ងៃចាយ ១ លានដុល្លារ ក៏ត្រូវការពេលដល់ទៅ ៤១៤ ឆ្នាំ ទើបចាយទ្រព្យពួកគេអស់។
ស្របពេលនោះផងដែរ NGO បានបន្ថែមថា គម្រោងការស្នើសុំទារពន្ធ ៩៩% នេះ គឺរាប់ត្រឹមទំហំប្រាក់ចំណូលដែលពួកមហាសេដ្ឋីរកបានអំឡុងពេលរាតត្បាតកូវីដ ១៩ ប៉ុណ្ណោះ ហើយប្រាក់ពន្ធនោះទៀតសោត គឺយកមកទិញវ៉ាក់សាំងផ្គត់ផ្គង់ប្រជាជនទូទាំងពិភពលោក ដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុ និងបរិច្ចាគដល់អង្គការប្រឆាំងអំពើហិង្សាជាង ៨០ ប្រទេស៕
ប្រភព: plenglish