Toyota ចាប់ផ្តើមសម្រុកផលិតរថយន្តឱ្យបាន ៧ សែនគ្រឿងទូទាំងពិភពលោកក្នុងខែកុម្ភៈខាងមុខ

អន្តរជាតិ

យោងតាមសារព័ត៌មាន Nikkei business daily បាននិយាយថា ក្រុមហ៊ុន Toyota Motor Corp នឹងសម្រុកផលិតរថយន្តឱ្យបានចំនួន ៧ សែនគ្រឿងនៅទូទាំងពិភពលោក ក្នុងខែកុម្ភៈខាងមុខ ដែលជាចំនួនកើនឡើង ១០% ក្នុងឆ្នាំនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែយ៉ាងណាក៏ដោយ នៅក្នុងខែមីនា ក្រុមហ៊ុនខាងលើ នឹងនៅតែបង្កើនចំនួនផលិតឱ្យបាន ១ លានគ្រឿងបន្ថែមទៀត ដើម្បីអាចឈានដល់គោលដៅផលិតកម្មប្រចាំឆ្នាំ ដែលមានចំនួន ៩ លានគ្រឿងរបស់ខ្លួន ។

ជាក់ស្តែង អ្នកនាំពាក្យរបស់ក្រុមហ៊ុន Toyota បានធ្វើការបដិសេធមិនព្រមធ្វើការអធិប្បាយនោះទេ នៅពេលត្រូវបាន សារព័ត៌មាន Nikkei សាកសួរថា តើក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ជប៉ុនមួយនេះ គ្រោងនឹងធ្វើតាមគោលដៅផលិតកម្មប្រចាំឆ្នាំ ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី ៣១ ខែមីនាឬយ៉ាងណា ។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បាននឹងកំពុងព្យាយាមបង្កើនផលិតកម្មរបស់ខ្លួន នៅក្នុងខែចុងក្រោយនៃឆ្នាំអាជីវកម្ម  ដើម្បីបង្កើតទិន្នផលដែលបានធ្លាក់ចុះ  ដោយសារតែកង្វះខាតគ្រឿងបង្គុំ ពីរោងចក្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរងគ្រោះដោយការរឹតបន្តឹង លើការបិទខ្ទប់ ដោយសារជំងឺត្បាតកូវីដ ១៩។

បន្ថែមពីនេះ ក្រុមហ៊ុន Toyota និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត ត្រូវបានបង្ខំឱ្យផ្អាកដំណើរការផលិតកម្មរបស់ពួកគេ  បើទោះបីជាតម្រូវការ នៅក្នុងទីផ្សារសំខាន់ៗដូចជាប្រទេសចិន បានស្ទុះងើបឡើងវិញក៏ដោយ ៕

ប្រភព: Kelo News