Trungnam ចាយលុយជាង ២០០ លាន$ ​​បើកដំណើរការរោងចក្រថាមពលខ្យល់ លើសមុទ្រដំបូងគេ នៅវៀតណាម

អន្តរជាតិ

ក្រុមហ៊ុនអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ Trungnam Group បានបើកដំណើរការរោងចក្រថាមពលដើរដោយកម្លាំងខ្យល់ នៅលើផ្ទៃសមុទ្រជាលើកដំបូងរបស់ខ្លួន ដែលចំណាយអស់ទឹកប្រាក់ជិត ៥ ពាន់លានដុង ឬ ២១៩,៣ លានដុល្លារ នៅតំបន់ដីសណ្តមេគង្គ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្រុមហ៊ុនអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ Trungnam Group បានបើកដំណើរការរោងចក្រថាមពលដើរដោយកម្លាំងខ្យល់ នៅលើផ្ទៃសមុទ្រជាលើកដំបូងរបស់ខ្លួន

ជាក់ស្តែងក្រុមហ៊ុនខាងលើបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា រោងចក្រថាមពលដើរដោយកម្លាំងខ្យល់ Dong Hai I នេះ នឹងផ្តល់ជូនថាមពលមានកម្លាំងដល់ ១០០ មេហ្គាវ៉ាត់ ជាមួយទួរប៊ីនចំនួន ២៥ នៅតាមបណ្តោយឆ្នេរសមុទ្រ នៃស្រុក Duyen Hai ក្នុងខេត្ត Tra Vinh ប្រទេសវៀតណាម ។

មិនតែប៉ុណ្ណោះ Trungnam បានអះអាងទៀតថា រោងចក្ររបស់ខ្លួនមួយនេះ នឹងអាចរួមចំណែកផ្តល់ជូនថាមពលប្រមាណ ៣៣០ លានគីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់នៅក្នុងប្រទេស។

លើសពីនេះ គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Trungnam បាននិយាយថា ពេលនេះពួកគេមានរោងចក្រថាមពលដើរដោយកម្លាំងខ្យល់ចំនួន ៤ ននិងរោងចក្រទាញយកថាមពលពីពន្លឺព្រះអាទិត្យ ចំនួន ៣ នៅក្នុងប្រទេសវៀតណាម ខណ:ក្រុមហ៊ុនគ្រោងនឹងបន្ថែមរោងចក្រ ថាមពលកកើតឡើងវិញ ដែលមានសមត្ថភាពផលិតថាមពល ៣,៨ ជីហ្គាវ៉ាត់ (GW) និងរោងចក្រផលិតឧស្ម័នធម្មជាតិរាវ (LNG) ដែលមានសមត្ថភាពផលិតថាមពល ១,៥ GW នៅឆ្នាំ ២០២៥ ។

បន្ថែមពីនេះ ប្រទេសវៀតណាម បានប្រកាសថាខ្លួន មានគម្រោងបង្កើនសមត្ថភាពផលិតថាមពលពីកម្លាំងខ្យល់ និងថាមពលពីព្រះអាទិត្យទ្វេដង ដល់ចំនួន ៣១ ទៅ ៣៨ GW នៅឆ្នាំ ២០៣០ ៕

ប្រភព: VN Express