Microsoft គ្រោងជះលុយជិត ៧០ ពាន់លានដុល្លារ ទិញយកក្រុមហ៊ុន Activision ដែលផលិតហ្គេម Call of Duty

អន្តរជាតិ

ក្រុមហ៊ុន Microsoft Corp កំពុងតែមានគម្រោងទិញយកក្រុមហ៊ុន Activision Blizzard ដែលបង្កើតហ្គេម Call of Duty ក្នុងតម្លៃប្រមាណ ៦៨,៧ ពាន់លានដុល្លារ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងកិច្ចព្រមព្រៀងមួយ ដែលបានប្រកាសដោយក្រុមហ៊ុន Microsoft កាលពីថ្ងៃអង្គារ ត្រូវបានចាត់ទុកថាជាការទិញដូរដ៏ធំបំផុតមិនធ្លាប់មាន នៅក្នុងឧស្សាហកម្មវីដេអូហ្គេម ខណ:ក្រុមហ៊ុនអាមេរិកមួយនេះ កំពុងមានមហិច្ឆតា ក្តោបក្តាប់ទីផ្សារដែលកំពុងរីកចម្រើន ជាមួយក្រុមហ៊ុនគូប្រជែងដ៏ធំផ្សេងទៀត ដូចជា Tencent និង Sony ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Microsoft គ្រោងនឹងបន្ថែមហ្គេមរបស់ Activision ជាច្រើន ទៅក្នុងសេវាកម្ម Xbox Game Pass របស់ខ្លួន នៅពេលដែលកិច្ចព្រមព្រៀងដ៏ធំមួយនេះ ត្រូវបិទបញ្ចប់ ។

លើសពីនេះ ជាមួយនឹងការទិញយក Activision ក្រុមហ៊ុន Microsoft និងមានសិទ្ធិកាន់កាប់ផ្តាច់មុខ ទៅលើហ្គេមល្បីៗជាច្រើន ដូចជា Warcraft, Diablo, Overwatch, Call of Duty និង Candy Crush ផងដែរ ។

ដោយឡែក លោក Phil Spencer ដែលជានាយកប្រតិបត្តិនៃផ្នែកវីដេអូហ្គេមរបស់ Microsoft បាននិយាយថា ” នៅពេលមកដល់ យើងនឹងផ្តល់ជូននូវប្រភេទហ្គេមរបស់ Activision Blizzard ឱ្យបានច្រើនតាមដែលយើងអាចធ្វើទៅបាន នៅក្នុងសេវាកម្ម Xbox Game Pass និង PC Game Pass របស់យើង ” ។

គួរឱ្យដឹងផងដែរថា គំនិតនៃការទិញយកក្រុមហ៊ុន Activision នេះ គឺបានកើតឡើង បន្ទាប់ពី Microsolf បានជះលុយប្រមាណ ៧,៥ ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនផលិតហ្គេមដ៏ល្បីល្បាញ Bethesda (ZeniMax Media) កាលពីឆ្នាំទៅ ៕

ប្រភព: Theverge