ថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ លោក Saksayam Chidchob បាននិយាយកាលពីថ្ងៃអង្គារថា គម្រោងពង្រីកអាកាសយានដ្ឋានសុវណ្ណភូមិ ដែលមានតម្លៃប្រមាណ ៧,៨ ពាន់លានដុល្លារ នឹងអាចចាប់ផ្តើមនៅក្នុងខែកក្កដា ជាមួយនឹងការដេញថ្លៃ ដើម្បីស្វែងរកអ្នកម៉ៅការគម្រោងដ៏ធំនេះ ត្រូវបានធ្វើឡើង ។
ជាក់ស្តែង រដ្ឋមន្រ្តីដដែលនេះ បាននិយាយទៀតថា គម្រោងគឺត្រូវបានអនុវម័តដោយរដ្ឋមន្រ្តី ក្រុមប្រឹក្សាអាកាសយានដ្ឋាននៃប្រទេសថៃ (AoT) និងគណៈកម្មាធិការរបស់រដ្ឋាភិបាលរួចរាល់ហើយ ទៅលើគម្រោងមួយដែលមានឈ្មោះថា East Expansion ដើម្បីធ្វើការពង្រឹងសមត្ថភាពរបស់អាកាសយានដ្ឋាសុវណ្ណភូមិបន្ថែមទៀត ហើយវានឹងត្រូវការចំណាយរយ:ពេល ២ ឆ្នាំ ដើម្បីបញ្ចប់គម្រោងនេះ ។
មិនតែប៉ុណ្ណោះ លោក Saksyam បាននិយាយទៀតថា នៅពេលដែលសុវណ្ណភូមិត្រូវបានពង្រីក និងបើកដំណើរការនៅខែមីនា ឆ្នាំ ២០២៥ នោះអាកាសយានដ្ឋាននេះ នឹងមានសមត្ថភាពផ្ទុកអ្នកដំណើររហូតដល់ ៦៥ លាននាក់ ក្នុងមួយឆ្នាំ ពីចំនួន ៤៥ លាននាក់ក្នុងមួយឆ្នាំ នាពេលបច្ចុប្បន្ន ។
លោកបន្តថា ការបង្កើនសមត្ថភាពចំនួន ៤៤% នេះ គឺស្របទៅតាមការព្យាករ ចំនួនអ្នកធ្វើដំណើរ ដែលបានប្រើប្រាស់ព្រលានយន្តហោះសុវណ្ណភូមិ នៅឆ្នាំនេះ ។
បន្ថែមពីនេះ លោក Kerati Kijmanawat ដែលជាអនុប្រធាន AoT បាននិយាយថា គម្រោងនេះ នឹងត្រូវប្រើប្រាស់ផ្ទៃដីទំហំ ៦៦ ០០០ ម៉ែត្រការ៉េ ដើម្បីបន្ថែមនូវច្រកចេញ-ចូល ចំនួន ១០៨ ថែមទៀត រួមទាំងឧបករណ៍បញ្ជូនឥវ៉ាន់ចំនួន ៦ កន្លែង និងប៉ុស្តិ៍ត្រួតពិនិត្យសុវត្ថិភាពចំនួន ៩ ទៀតផង ៕
ប្រភព: Bangkok Post