មហាសេដ្ឋីលោក Patrick Soon-Shiong បានបង្ហើបពីបំណងចង់សាងសង់រោងចក្រផលិតវ៉ាក់សាំងនៅទីក្រុង Cape Town ក្នុងប្រទេសអាហ្រ្វិកខាងត្បូង ដើម្បីជួយផ្គត់ផ្គង់វ៉ាក់សាំងនៅប្រទេសនៅតំបន់អាហ្រ្វិក។
ការរាតត្បាតជំងឺកូវីដ-១៩ បានបង្ហាញឲ្យឃើញពីកង្វះខាតផ្នែកវ៉ាក់សាំងសម្រាប់ជួយជីវិតមនុស្សជាច្រើន ជាពិសេសគឺនៅទ្វីបអាហ្វ្រិកតែម្ដង ដោយប្រជាជនប្រមាណ ១០% ប៉ុណ្ណោះដែលទទួលបានការចាក់វ៉ាក់សាំង ស្របពេលអត្រាអ្នកឆ្លងមានរហូតដល់ច្រើនជាងពាក់កណ្ដាលនៃប្រជាជនសរុបទូទាំងពិភពលោក។
លោក Soon-Shiong ដែលជាវេជ្ជបណ្ឌិតមួយរូបផង នឹងយល់ព្រមផ្ទេរបច្ចេកវិទ្យា និងគ្រឿងបរិក្ខារផ្នែកវេជ្ជសាស្ត្រមួយចំនួនសម្រាប់RNA ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំង និងសិក្សាពីកោសិកាមនុស្ស ទៅកាន់ក្រុមអ្នកវិទ្យាសាស្ត្រនៅប្រទេសអាហ្វ្រិកខាងត្បូង។
មហាសេដ្ឋីអាមេរិក-អាហ្វ្រិកខាងត្បូង បានឲ្យដឹងថា នេះគឺជាឱកាសដែលល្អសម្រាប់ការផលិតជីវសាស្ត្រ និងវ៉ាក់សាំងទំនើបបំផុតនៅចុងឆ្នាំនេះ ដោយប្រើប្រាស់ម៉ាស៊ីនរីអេកទ័រដែលមានស្តុកទុកនៅឃ្លាំងក្រុមហ៊ុននៅអាមេរិករបស់លោក។ ហើយដើម្បីធានាថាផែនការនេះជោគជ័យ លោកនឹងផ្ដល់អាហារូបករណ៍ដែលមានតម្លៃប្រមាណជិត ៧ លានដុល្លារបន្ថែមទៀត សម្រាប់ការបង្ហាត់បង្រៀនដល់ក្រុមបុគ្គលិកជំនាញ។
យ៉ាងណា ក្រុមអ្នកជំនាញផ្នែកសុខភាពក៏បានចេញមុខព្រមានដែរថា ការសាងសង់រោងចក្រនៅអាហ្វ្រិកខាងត្បូងនឹងជួបឧបសគ្គជាច្រើន ដែលមានដូចជា កង្វះខាតទឹកស្អាត និងអគ្គិសនីជាដើម ដែលធ្វើឲ្យការផលិតមានការរាំងស្ទះ តែនេះគឺជាជំហានដំបូងដែលអាហ្វ្រិកចាំបាច់ដោះស្រាយ ប្រសិនបើមិនចង់ពឹងផ្អែកលើការនាំចូលវ៉ាក់សាំងពីបរទេស៕
ប្រភព: Zawya