បងប្អូនមហាសេដ្ឋី ២ រូបដែលនៅពីក្រោយក្រុមហ៊ុន Asda និង EG Group កំពុងពិចារណាទិញយកក្រុមហ៊ុន Boots ដែលជាក្រុមហ៊ុនផលិតឱសថធំបំផុតមួយនៅចក្រភពអង់គ្លេស ដែលមានតម្លៃប្រហែល ១០ ពាន់លានផោន ឬជិត ១៤ ពាន់លានដុល្លារ។

លោក Mohsin និង Zuber Issa ត្រូវបានគេដឹងថាកំពុងជួបពិភាក្សាជាមួយក្រុមប្រឹក្សាភិបាលក្នុងការស្វែងរកលទ្ធភាពនៃការទិញយកក្រុមហ៊ុនខាងលើ ខណៈបច្ចុប្បន្នបងប្អូន ២ នាក់នេះកំពុងមានឱសថស្ថានច្រើនជាង ២ ០០០ កន្លែងនៅក្នុងដៃ។
ជាមួយគ្នានោះ Boots បច្ចុប្បន្នកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនយក្សអាមេរិក Wallgreens Boots Alliance ដែលកាលពីសប្ដាហ៍មុនពួកគេបានបើកការប្រជុំស្ដីពីអនាគតរបស់ Boots ស្របពេលលឺល្ហៀងៗថា ក្រុមហ៊ុនឯកជនធំបំផុត ២ លើលោកគឺ Bain Capital និង CVC Capital កំពុងពិចារណាទិញក្រុមហ៊ុននេះដូចគ្នា។

យ៉ាងណា ខាង WBA នៅមិនទាន់ចេញមុខបកស្រាយនៅឡើយទាក់ទិននឹងចចាមអារ៉ាមខាងលើ តែគេជឿថា WBA ប្រហែលជាមិនទុក Boots ឡើយ ប្រសិនបើមានសំណើណាអាចទាក់ចិត្តពួកគេបាន ខណៈកន្លងមកការលក់របស់ Boots ធ្លាក់ចុះខ្លាំងរហូតដល់ក្រុមហ៊ុនមេសម្រេចចិត្តជួលភ្នាក់ងារផ្សេងមកទប់ទល់។

បញ្ជាក់ដែរថា បងប្អូនត្រកូល Issa គឺជាវិនិយោគិនដ៏ជោគជ័យមួយនៅលើពិភពលោក ដោយពួកគេបណ្ដាក់ទុនលើអាជីវកម្មស្ទើរគ្រប់វិស័យ ជាក់ស្ដែងកាលពីឆ្នាំទៅ EG Group បានទិញយកក្រុមហ៊ុន Leon ដែលជាក្រុមហ៊ុនអាហារសម្រន់ធំមួយ និងទិញបានអាជីវកម្មដុតនំប៉័ងធំបំផុតទី ២ នៅអង់គ្លេស Cooplands ថែមទៀត៕
ប្រភព: business-live