ក្រុម​វិនិយោគិន Tesla ស្នើ​​តុលាការ​ជួយ​សម្រួល​ឲ្យ Elon Musk សង​ប្រាក់ ១៣ ពាន់​លាន​ដុល្លារ​សម្រាប់​កិច្ចព្រមព្រៀង SolarCity

អន្តរជាតិ

កាលពី​ថ្ងៃអង្គារ​នេះ ក្រុម​វិនិយោគិន Tesla Inc បាន​នាំគ្នា​ជំរុញ​ខាង​តុលាការ​ជួយ​ប្រញាប់​ដោះស្រាយ​រឿងក្ដី​ទាក់ទង​នឹង​មហាសេដ្ឋី Elon Musk ក្នុង​សំណុំរឿង SolarCity កាលពី​ឆ្នាំ ២០១៦ និង​ស្នើ​សុំ​សំណង​ជា​ប្រាក់ ១៣ ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពាក្យបណ្ដឹង​ដែល​ធ្វើ​ឡើង​ដោយ​មូលនិធិ​សហជីព និង​ម្ចាស់​ភាគហ៊ុន​ផ្សេងៗបាន​ចោទប្រកាន់​ Musk ថា បាន​ស៊ុមគ្រលុំ​ជាមួយ​ក្រុមប្រឹក្សាភិបាល​របស់ Tesla ក្នុង​ការ​សម្រេច​ទិញ​ក្រុមហ៊ុន SolarCity ជាមួយ​កិច្ចព្រមព្រៀង​ជា​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ដែល​មាន Musk ជា​ម្ចាស់​ភាគហ៊ុន​កំពូល។​

ក្រឡេក​ទៅ​មើល​កាលពី​ឆ្នាំ ២០១៦ ដែល​គ្រា​នោះ​តម្លៃ​ភាគហ៊ុន​របស់​ក្រុម​វិនិយោគិន​មាន​តម្លៃ​ប្រមាណ ២,៦ ពាន់​លាន​ដុល្លារ តែ​ដោយសារ​ SolarCity ត្រូវបាន​ Tesla ទិញ​យក​ ស្របពេល​តម្លៃ​ភាគហ៊ុន​ Tesla កើន​ឡើង​ឥតឈប់ឈរ​បាន​ធ្វើ​ឲ្យ​វា​កើនឡើង​ដល់ ១៣ ពាន់​លាន​ដុល្លារ។

ស្របពេល​ជាមួយ​គ្នា​នោះ មេធាវី Lee Rudy ដែល​ជា​អ្នក​ការពារ​ក្ដី​ឲ្យ​ក្រុម​វិនិយោគិន​បាន​ស្នើ​ឲ្យ​តុលាការ​បញ្ជា​ឲ្យ Musk សង​ទឹកប្រាក់​ ១៣ ពាន់​លាន​ដុល្លារ​នោះ​ទៅ​កាន់​កូនក្ដី​របស់​លោក​វិញ។

បញ្ជាក់​ដែរ​ថា Tesla បាន​ទិញ​យក SolarCity ដែល​ជា​ក្រុមហ៊ុន​ផលិត​ឡាន​អគ្គិសនី និង​ជា​ចំណុច​ចាប់ផ្ដើម​ដំបូង​នៃ​ការ​ផលិត​រថយន្ត​ Model 3 និង​ក្រោយ​មក​ទើប​ចាប់ផ្ដើម​ផលិត​ជា​ទ្រង់ទ្រាយ​ធំ​ និង​ក្លាយជា​កូនសោ​សំខាន់​សម្រាប់ Tesla ក្នុង​ការ​ឈាន​ចូល​ប្រកួត​លើ​ឆាក​អន្តរជាតិ។

បញ្ហា​មួយ​ទៀត​ដែល​ក្រុម​វិនិយោគិន​មិន​ពេញចិត្ត​ជាមួយ Musk គឺ ពួកគេ​អះអាង​ថា ថ្វីបើ​ចំណែក​ភាគហ៊ុន​សរុប​របស់​មហាសេដ្ឋី​អាមេរិក​មាន​ត្រឹម ២២% តែ​ CEO រូប​នេះ​គឺ​អាង​ខ្លួន​ជា​ម្ចាស់​ភាគហ៊ុន​ធំ និង​មាន​ខ្សែ​ជា​ក្រុមប្រឹក្សាភិបាល ចូលចិត្ត​ដឹកនាំ​ក្រុមហ៊ុន​តាម​របៀប​ត្រួតត្រា​។

តែ​ជា​ការ​ឆ្លើយតប ក្រុម​មេធាវី​ការពារ​ក្ដី​របស់​ Elon Musk បាន​អះអាង​វិញ​ថា កូនក្ដី​របស់​ពួកគេ​មិន​មាន​អំណាច ឬ​សិទ្ធ​ក្នុង​ការ​ដេញ​នាយក​គ្រប់គ្រង ឬ​ក៏​គ្រប់គ្រង​ប្រាក់ខែ​របស់​ពួកគេ​តាម​អំពើ​ចិត្ត​បាន​ឡើយ ហើយ​សម្រាប់​កិច្ច​ព្រមព្រៀង​ជាមួយ SolarCity ក៏ Musk មិន​ជាប់​ពាក់ព័ន្ធ​ដូចគ្នា៕

ប្រភព: CNA