មិនធម្មតា! ថៃត្រៀមចាយទុនជាង ៤០ ពាន់លានដុល្លារ វិនិយោគទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ

អន្តរជាតិ

រដ្ឋាភិបាលរបស់ប្រទេសថៃ បានបង្ហាញពីផែនការ ក្នុងការវិនិយោគទៅលើគម្រោងធំៗជាច្រើន ជាមួយតម្លៃដែលត្រូវវបានប៉ាន់ស្មានថានឹងមានចំនួន ១,៤៧ ទ្រីលាតបាត ឬស្មើនឹង ៤២,៦ ពាន់លានដុល្លារ នៅឆ្នាំនេះ ដើម្បីកែលម្អទៅលើផ្លូវគោក សមុទ្រ និងផ្លូវអាកាសរបស់ប្រទេសថៃ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោក Saksayam Chidchob បានធ្វើការប្រកាសអំពីផែនការដ៏ធំនេះ នៅក្នុងសិក្ខាសាលាមួយមានឈ្មោះថា “Thailand Future Smart & Sustainable Mobility” ដែលត្រូវបានរៀបចំឡើង ដោយក្រសួងដឹកជញ្ជូនផ្ទាល់តែម្តង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីរូបនេះ បាននិយាយថា ក្រសួង​បាន​បង្កើត​ផែនការ​មួយ​ ដែល​នឹង​ឃើញ​ការ​វិនិយោគ​ដ៏​សំខាន់ ​ចូល​ទៅ​ក្នុង​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវ​អាកាស​បន្ថែម​ទៀត​នៅ​ទូទាំង​ប្រទេស។

គួរឱ្យដឹងផងដែរថា ផែនការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនេះ នឹងត្រូវចំណាយទឹកប្រាក់សរុបប្រមាណ ១,៤៩ ទ្រីលានបាត រួមទាំងគម្រោងដែលមានតម្លៃប្រមាណ ៥១៦ ពាន់លានបាត ត្រូវបានអនុម័តរួចរាល់ហើយ ខណ:កិច្ចសន្យានៅសល់ដែលមានតម្លៃ ៩៧៤ ពាន់លានបាតផ្សេងទៀត នឹងត្រូវបានយល់ព្រមនៅពេលក្រោយ ។

បន្ថែមពីនេះ លោក Saksayam បាននិយាយទៀតថា ទឹកប្រាក់ចំនួន ១,២៤ ទ្រីលានបាត នឹងត្រូវចំណាយទៅលើការទិញវត្ថុធាតុដើម និងឧបករណ៍សម្រាប់គម្រោង ហើយវានឹងអាចបង្កើតការងារដល់ទៅ ១៥៤ ០០០ កន្លែងឯណោះ ពីផែនការអភិវឌ្ឍន៍មួយនេះ៕

ប្រភព: Bangkok Post