Intel ត្រៀមបោះទុន ២០ ពាន់លានដុល្លារ បង្កើតរោងចក្របន្ទះឈីបធំជាងគេលើលោក នៅក្នុងរដ្ឋ Ohio

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យា Intel Corp បាននិយាយកាលពីថ្ងៃសុក្រ ទី ២១ មករា ថា ខ្លួននឹងបណ្តាក់ទុនសរុបរហូតដល់ទៅ ១០០ ពាន់លានដុល្លារ ដើម្បីបង្កើតកន្លែងផលិតបន្ទះឈីបដ៏ធំបំផុត នៅក្នុងរដ្ឋ Ohio ជាមួយនឹងមហិច្ឆតាក្នុងការបង្កើនសមត្ថភាពផលិតបន្ថែមទៀត ដោយសារតែមើលឃើញពីកង្វះបន្ទះឈីបដ៏ធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់ខ្សែសង្វាក់ផលិតកម្មគ្រប់យ៉ាង ដោយរាប់ចាប់តាំងពីស្មានហ្វូន រហូតដល់រថយន្ត ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបោះជំហានថ្មីនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់នាយកប្រតិបត្តិក្រុមហ៊ុន លោក Pat Gelsinger ក្នុងគោលបំណងស្តារឡើងវិញ នូវភាពលេចធ្លោរបស់ Intel ក្នុងការផលិតបន្ទះឈីប និងជួយកាត់បន្ថយដល់សហរដ្ឋអាមេរិក ដែលបានពឹងផ្អែកខ្លាំង ទៅលើមជ្ឈមណ្ឌលផលិតកម្ម នៅតំបន់អាស៊ី ដែលមានទីផ្សារដ៏តឹងរ៉ឹង ។

មិនតែប៉ុណ្ណោះ លោក Gelsinger បាននិយាយថា ការវិនិយោគដំបូង នឹងមានចំនួនប្រមាណ ២០ ពាន់លានដុល្លារ ដែលអាចបង្តើករោងចក្រដ៏ធំជាងគេបំផុត ក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ Ohio លើផ្ទៃដីទំហំ ១ ០០០ ហិចតា ក្នុងទីក្រុង New Albany ហើយវាក៏នឹងអាចបង្កើតការងារថ្មីៗរហូតដល់ទៅ ៣ ០០០ កន្លែងទៀតផង ។

បន្ថែមពីនេះ នាយកប្រតិបត្តិខាងលើ បានបញ្ជាក់ទៀតថា ការវិនិយោគនេះ អាចនឹងកើនឡើងរហូតដល់ទៅ ១០០ ពាន់លានដុល្លារ ជាមួយនឹងរោងចក្រផលិតបន្ទះឈីបសរុបចំនួន ៨ ហើយវាក៏នឹងក្លាយជាការវិនិយោគដ៏ធំបំផុត នៅក្នុងរដ្ឋ Ohio និងជាទីតាំងផលិតគ្រឿងអេឡិចត្រូនិកធំបំផុត នៅលើភពផែនដីទៀតផង ។

យ៉ាងណាក៏ដោយ បើទោះពីជាក្រុមហ៊ុនបាននឹងកំពុងព្យាយាមបង្កើនទិន្នផល ក្នុងការផលិតបន្ទះឈីបក៏ដោយ ប៉ុន្តែផែនការរបស់ Intel សម្រាប់រោងចក្រថ្មីរបស់ខ្លួននេះ នឹងមិនអាចជួយដោះស្រាយ និងកាត់បន្ថយការខ្វះខាត ទៅលើការផ្គត់ផ្គង់នាពេលបច្ចុប្បន្នបាននោះទេ ព្រោះតែពួកគេត្រូវពេលជាច្រើនឆ្នាំ ដើម្បីសាងសងរោងចក្ររបស់ខ្លួនហើយ ។

ជាមួយគ្នានេះផងដែរ លោក Gelsinger បានសង្កត់ធ្ងន់ទៀតថា បញ្ហាស្មុគស្មាញចំពោះការខ្វះខាតបន្ទះឈីបជាសកល នឹងអាចបន្តរហូតដល់ឆ្នាំ ២០២៣ ឯណោះ ៕

ប្រភព: CNA