កាលពីពេលកន្លងទៅ អង្គការសប្បុរសធម៌ពិភពលោក Oxfam ធ្លាប់បានស្នើឲ្យរដ្ឋាភិបាលទារពន្ធពីមហាសេដ្ឋីមានបំផុតលើពិភពលោក ៩៩% សម្រាប់ការទិញវ៉ាក់សាំង និងជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចសម្រាប់ប្រទេសជាង ៨០ ដែលកំពុងជួបវិបត្តិសេដ្ឋកិច្ច ដោយសារការរាតត្បាតកូវីដ-១៩។
គម្រោងទាពន្ធនេះ មហាសេដ្ឋី និងសេដ្ឋីច្រើនជាង ១០០ នាក់មកពី ៩ ប្រជាជាតិបាននាំគ្នាដាក់ញត្តិតវ៉ាលើការតំឡើងថ្លៃពន្ធទៅលើបុគ្គលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភដូចជាពួកគេ ដោយបានអះអាងថា ការដំឡើងពន្ធនេះគឺជារឿងអយុត្តិធម៌សម្រាប់ប្រព័ន្ធពន្ធដារជុំវិញពិភពលោក។
ជាក់ស្ដែង ភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រ កាន់តែខិតឆ្ងាយទៅៗ បើទោះជាកំពុងជួបវិបត្តិកូវីដ-១៩ ក្ដី ដោយចំណូលជាមធ្យមរបស់គ្រួសារមានជីវភាពលំបាក ៤០% ទូទាំងពិភពលោកនៅឆ្នាំ ២០២១ គឺធ្លាក់ចុះ ៦,៧% មុនមានការរាតត្បាត។
ស្របពេលដែលអ្នកមានវិញ គឺនៅតែបន្តកើបលុយឥតឈប់ឈរ ជាក់ស្ដែងទ្រព្យសម្បត្តិមហាសេដ្ឋីមានបំផុតលើលោកទាំង ១០ រូប មានការកើនឡើងយ៉ាងតិចទ្វេដង ខណៈទ្រព្យសម្បត្តិរបស់ Elon Musk គឺកើនដល់ទៅ ១ ០០០% តាំងពីខែមីនា ២០២០។
ដោយឡែក គម្លាតជីវភាពរបស់ប្រជាជនអាមេរិកមានសភាពយ៉ាប់យ៉ឺនតាំងពីរដ្ឋបាល Trump ប្រកាសកាត់បន្ថយពន្ធសាជីវកម្ម ៤០% ស្របពេលសហគ្រាសធំៗជាច្រើនមិនបានធ្វើការបង់ពន្ធ។
បើតាមការចុះផ្សាយពី Bloomberg បានឲ្យដឹងថា កាលពីឆ្នាំទៅការបន្ធូរបន្ថយពន្ធរបស់រដ្ឋបាល Trump បានធ្វើឲ្យអ្នកមានកាន់តែមាន ហើយធ្វើឲ្យចំណូល IRS ដែលបានមកពីពន្ធដារខាតបង់ជាងពាក់កណ្ដាល ពោលធ្លាក់ពី ២០ ពាន់លានដុល្លារ មកត្រឹម ៩ ពាន់លានដុល្លារកាលពីឆ្នាំ ២០២០៕
ប្រភព: yahoo