យោងទៅតាមការចុះផ្សាយលើគេហទំព័រ World Economic Forum កាលពីពេលកន្លងទៅបានឲ្យដឹងថា មហាសេដ្ឋីរុស្ស៊ីដែលមានដើមកំណើតនៅប្រទេសអ៊ូបេគីស្ថាន Alisher Usmanov បានបង្ហើបថា មានលោហធាតុមួយដែលនឹងត្រូវប៉ាន់បំផុតនាថ្ងៃអនាគត និងអាចចាត់ទុកជា “មាសទី២”។

លោក Usmanov មានជំនឿចិត្តថា លោហធាតុដែលនឹងក្លាយជាតម្រូវការចាំបាច់បំផុតមួយនៅលើលោកគឺ ទង់ដែង។ ជាក់ស្ដែង លោកបានរកឃើញថា ការផ្គត់ផ្គង់ និងតម្រូវការរបស់ទង់ដែងនៅលើទីផ្សារក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងមានវិសមភាព។

ដោយឡែក បើសង្កេតមើលឲ្យមែនទែនទៅ តម្លៃរបស់ទង់ដែងនៅចន្លោះខែឧសភា និងតុលា នៅឆ្នាំ ២០២១ គឺមានតម្លៃប្រមាណ ១១ ០០០ ដុល្លារ/តោន ក៏ប៉ុន្តែតម្លៃមួយនេះនឹងមានការប្រែប្រួលខ្លាំងនៅប៉ុន្មានឆ្នាំខាងមុខទៀត។
មូលហេតុដែលធ្វើឲ្យទង់ដែងត្រូវប៉ាន់ខ្លាំង គឺដោយសារវាមានតួនាទីយ៉ាងសំខាន់ក្នុងដំណើរសេដ្ឋកិច្ចកាត់បន្ថយឧស្ម័នកាបូន និងនៅក្នុងវិស័យសំខាន់ៗមួយចំនួនដូចជា ទូរគមនាគមន៍ រថយន្តអគ្គិសនី ប្រព័ន្ធថាមពលកកើតឡើងវិញ និងការចាប់យកកាបូន និងការផ្ទុក។

ជាមួយគ្នានោះតម្លៃរបស់ទង់ដែងក៏ស៊ីសងលើកត្តាផ្សេងៗផងដែរ ព្រោះថាវាមិនមែនជារឿងងាយស្រួលឡើយក្នុងការយកអ្វីផ្សេងមកជំនួសវាក្នុងសន្ទស្សន៍ក្រោម ១% ស្របពេលគេជឿថា តម្រូវការរបស់ទង់ដែងនឹងកើនឡើង ២,៧ ដងនៅឆ្នាំ ២០៤០។

មិនតែប៉ុណ្ណោះ ការជីករ៉ែទង់ដែងក៏ឈានមកដល់ចំណុចអតិបរមាមួយដូចគ្នា ស្របពេលតម្រូវការកំពុងកើនឡើង តែបញ្ហាមួយនេះនឹងអាចដោះស្រាយបាន បើសិនជាតម្រូវការពិភពលោកមានច្រើន នោះនឹងមានការស្រាវជ្រាវកែច្នៃទង់ដែងតាមរយៈបច្ចេកវិទ្យាទំនើបឡើងវិញ៕
ប្រភព: eurowekklynews