កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Reliance Industries របស់មហាសេដ្ឋី Mukesh Ambani បានធ្វើការបញ្ជាទិញភាគហ៊ុនធំនៃក្រុមហ៊ុនអាជីវកម្មថ្មីថ្មោងជំនាញផ្នែកផលិតមនុស្សយន្ត Addverb Technologies។

ការបញ្ជាទិញនេះផងដែរ គឺជាការពង្រីងអាជីវកម្មផ្នែកទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិករបស់មហាសេដ្ឋីមានបំផុតនៅអាស៊ី ក៏ដូចជាចង់ចូលប្រជែងលើវិស័យមួយនេះជាមួយស្ដេចត្រាញ់ Amazon ដូចគ្នា។

ដោយឡែក Addverb កំពុងដាក់ដំណើរការរួចហើយនៅក្នុងឃ្លាំងរាប់សិបរបស់ Reliance រួមទាំងហាងលក់ទំនិញអនឡាញ JioMart ហាងលក់សំលៀកបំពាក់ Ajio និងឱសថស្ថានអ៊ីនធឺណិត Netmeds ការដាក់ពង្រាយឧបករណ៍បញ្ជូនមនុស្សយន្ត ប្រព័ន្ធពាក់កណ្តាលស្វ័យប្រវត្តិ និងកម្មវិធីជ្រើសរើសតាមសំឡេង។
បញ្ជាក់ដែរថា Addverb គឺបានបង្កើតឡើងកាលពី ៥ ឆ្នាំមុន និងមានមូលដ្ឋាននៅទីក្រុង New Delhi តែម្ដង ហើយដោយសារក្រុមហ៊ុនមានជំនាញផ្នែករចនា និងបំពាក់ប្រព័ន្ធគ្រប់គ្រងបែបទំនើប ទើបធ្វើឲ្យពួកគេក្លាយជាក្រុមហ៊ុនកម្រមួយដែលរកស៊ីនៅលើវិស័យមនុស្សយន្ត រាប់តាំងពីផ្នែក Hardware និង Software រហូតដល់ការតំឡើង និងដាក់ឲ្យប្រើប្រាស់។

ថ្វីបើបច្ចេកវិទ្យារបស់ Addverb កំពុងដាក់ឲ្យប្រើប្រាស់នៅស្ទើរពាសពេញរោងចក្ររបស់ Reliance តែសហស្ថាបនិក Sangeet Kumar បង្ហើបថា គម្រោងការយក្សរវាងក្រុមហ៊ុនទាំង ២ នៅមិនទាន់លេចមុខនៅឡើយ ដោយគ្រាន់តែប្រាប់ត្រួសៗថា ទាក់ទងនឹងការបង្កើតប្រព័ន្ធ5G និងប្រព័ន្ធផលិតអាគុយ។
លោក Kumar បាននិយាយថា Addverb កំពុងរុករកដីជុំវិញទីក្រុង Delhi ខណៈមានក្ដីស្រមៃចង់សាងសង់រោងចក្រផលិតមនុស្សយន្តដ៏ធំបំផុតរបស់ពិភពលោក ហើយក៏ចង់ពន្លឿនការពង្រីកសាខានៅអឺរ៉ុប និងអាមេរិកផងដែរ ស្របពេល ការចាប់ផ្តើមអាជីវកម្មនេះមានសាខារួចហើយនៅសិង្ហបុរី ហូឡង់ និងអូស្ត្រាលី៕
ប្រភព: thenationalnews