កាលពីពេលកន្លងទៅ នាយកប្រតិបត្តិក្រុមហ៊ុន Realme បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនរបស់លោកនឹងចូលខ្លួនប្រជែងទីផ្សារអន្តរជាតិនៅតំបន់អឺរ៉ុបនាខែក្រោយ ជាមួយនឹងទូរស័ព្ទតម្លៃថ្លៃបំផុតរបស់ក្រុមហ៊ុន។ នេះបើតាមសម្ដីរបស់ CEO ក្រុមហ៊ុនបានប្រាប់ទៅកាន់ Reuters។
តាមប្រភពដដែលបានបន្ថែមទៀតថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Shenzhen មានបំណងចង់បង្កើនការលក់យ៉ាងតិច ៥០% បន្ថែមទៀតលើទីផ្សារសកលនៅក្នុងឆ្នាំនេះ ដោយមានគម្រោងដាក់លក់ទូរស័ព្ទម៉ាក GT 2 Pro នៅលើទីផ្សារអឺរ៉ុបនៅខែកុម្ភៈ ក្នុងតម្លៃចន្លោះពី ៧០០ ទៅ ៨០០ អឺរ៉ូ ឬប្រហែល ៨០០ ទៅ ៩០០ ដុល្លារ។
យ៉ាងណា បើទោះជាបច្ចុប្បន្នការរាតត្បាតកូវីដ-១៩ កំពុងបង្កការរំខានដល់លក្ខខណ្ឌសេដ្ឋកិច្ច ដែលធ្វើឲ្យតម្រូវការស្មាតហ្វូនធ្លាក់ចុះ តែក្នុងនាមជាក្រុមហ៊ុនឈានមុខ និងលូតលាស់លើវិស័យនេះជាងគេលើពិភពលោក Realme អាចទប់ទល់ជាមួយនឹងស្ថានការណ៍ខាងលើបានដោយគ្មានបញ្ហា។
ជាមួយគ្នានោះ Counterpoint Research ប៉ាន់ប្រមាណថា ទីផ្សារស្មាតហ្វូនរបស់អ៊ឺរ៉ុប ទទួលបានប្រាក់ចំណូលចំនួន ៨០,៦៥ ពាន់លានដុល្លារក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២១ ដែលក្នុងនោះស្មាតហ្វូនកម្រិតខ្ពស់មានចំនួន ៥៥,៥៦ ពាន់លានដុល្លារ។
ប្រភពខាងលើបានបញ្ជាក់ទៀតថា ក្នុងចំណោមទូរស័ព្ទលក់ដាច់បំផុតនៅលើទីផ្សារអឺរ៉ុបនោះគឺ iPhone 13 ដែលមានតម្លៃចាប់ពី ៨៥០ ដុល្លារឡើងទៅ ខណៈតាមពីក្រោយដោយ Samsung និង Xiaomi ដែលទូរស័ព្ទរបស់ក្រុមហ៊ុនទាំងនេះមានតម្លៃប្រមាណ ៩០០ និង ៧០០ ដុល្លារ។
បញ្ជាក់ផងដែរថា Realme គឺជាក្រុមហ៊ុនទូរស័ព្ទចិនកូនពៅដែលបង្ហាញខ្លួននៅឆ្នាំ ២០១៨ តែបានវិវត្តខ្លួនយ៉ាងឆាប់រហ័សក្លាយជាក្រុមហ៊ុនលក់ស្មាតហ្វូនបានច្រើនបំផុតទី ៦ លើពិភពលោក ដែលមានទីផ្សារយ៉ាងទូលាយនៅប្រទេសឥណ្ឌា អាស៊ីអាគ្នេយ៍ និងអឺរ៉ុបខាងកើត៕
ប្រភព: Kelo