កាលពីពេលថ្មីៗនេះ ប្រធានក្រុមហ៊ុន និងនាយកប្រតិបត្តិ Genting Hong Kong លោក Lim Kok Thay បានប្រកាសចុះចេញពីតំណែង បន្ទាប់ពីក្រុមហ៊ុនបានដាក់ពាក្យបញ្ចប់អាជីវកម្មខ្នាតយក្សមួយ គឺសេវាកម្មនាវាកម្សាន្ត ដោយសារតាំងពីមានការរាតត្បាតកូវីដ-១៩ មក ចំណូលនៃផ្នែកមួយនេះគឺស្ទើរតែមិនទទួលបានសោះ។
សម្រាប់រយៈពេលជាង ២ ឆ្នាំកន្លងមកនេះដែលពិភពលោកទាំងមូលកំពុងទទួលរងផលប៉ះពាល់ដោយសារបញ្ហាសុខភាពសកល ក្រុមហ៊ុនរបស់លោក Lim បានដាំក្បាលចុះម្ដងបន្តិចៗ ដែលនេះគឺជាសញ្ញាអវិជ្ជមានមួយបញ្ជាក់ពីដំណើរការអាជីវកម្មដែលមិនអាចផ្ដល់ផលប្រយោជន៍អ្វីបាន។
ទន្ទឹមនឹងនោះ រដ្ឋាភិបាលអាមេរិកក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការរឹបអូសយកនាវា Genting នៅរដ្ឋ Miami ដោយសារក្រុមហ៊ុនជាប់បំណុលប្រេងឥន្ធនៈ ស្របពេលការកក់សំបុត្រនាវាកម្សាន្តតាមអនឡាញក៏ពន្យារពេលទៀត ខណៈការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនលើផ្សារហ៊ុនហុងកុងក៏បានបិទផងដែរ។
ថ្វីបើបច្ចុប្បន្នស្ថានការណ៍របស់ក្រុមហ៊ុន Genting Hong Kong កំពុងមានសភាពយ៉ាប់យ៉ឺនក្ដី តែវាមិនបានបង្កហានិភ័យដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធឯទៀតឡើយ ជាក់ស្ដែង Genting Bhd, Genting Singapore Ltd, Genting Malaysia Bhd ដែលមានទីស្នាក់ការនៅប្រទេសម៉ាឡេស៊ី និងសិង្ហបុរីគឺមិនមានភាគហ៊ុនជាប់ពាក់ព័ន្ធជាមួយ Genting Hong Kong ឡើយ។
បញ្ជាក់ដែរថា បើទោះជាមហាសេដ្ឋីមានទ្រព្យ ២,៣ ពាន់លានដុល្លារខាងលើប្រកាសចុះចេញពីតំណែងជា CEO នៃក្រុមហ៊ុន Genting Hong Kong ក៏ពិតមែន តែលោកក៏នៅតែជាម្ចាស់ភាគហ៊ុនធំប្រចាំក្រុមហ៊ុនខាងលើដដែលពោលគឺក្ដោបក្ដាប់ភាគហ៊ុនសរុប ៧៦%។
បន្ថែមពីនោះលោកក៏នៅមានចំណែកភាគហ៊ុននៅក្រុមហ៊ុន Genting ៣ ផ្សេងទៀតដូចដែលបានរៀបរាប់ខាងលើផងដែរ៕
ប្រភព: freemalaysiatoday