ថ្មីៗនេះ មហាសេដ្ឋី Elon Musk បាននិយាយថា គាត់ចង់ឱ្យក្រុមហ៊ុនអាហារសម្រន់ដ៏ល្បីល្បាញ McDonald’s Corp ចាប់ផ្តើមទទួលយករូបិយប័ណ្ណឌីជីថល Dogecoin សម្រាប់ទូទាត់ នៅក្នុងសេវាកម្មរបស់ខ្លួន ។
ជាក់ស្តែង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla Inc រូបនេះ បាននិយាយនៅក្នុង Tweet របស់លោក កាលពីថ្ងៃអង្គារថា ៖” ខ្ញុំនឹងទទួលទានអាហារដ៏រីករាយបំផុត នៅក្នុងកញ្ចក់ទូរទស្សន៍ ប្រសិនបើ McDonalds ព្រមទទួលយក Dogecoin ជាការទូទាត់ ” ។
គួរឱ្យដឹងផងដែរថា លោក Musk បាននិយាយម្តងហើយម្តងទៀត ពាក់ព័ន្ធជាមួយនឹងប្រភេទកាក់គ្រីបតូ Dogecoin នៅមួយរយ:ចុងក្រោយនេះ ខណ:កាលពីដើមខែកន្លងទៅ គាត់ក៏បាននិយាយថាក្រុមហ៊ុន Tesla នឹងចាប់ផ្តើមទទួលយករូបិយប័ណ្ណឌីជីថល សម្រាប់ការទូទាត់ ទៅលើទំនិញមួយចំនួនផងដែរ ។
មិនតែប៉ុណ្ណោះ បន្ទាប់ពីមានការលើកឡើងបែបនេះ កាក់ dogecoin បានកើនឡើងតម្លៃប្រមាណ ៧% កាលពីថ្ងៃអង្គារ ។ យ៉ាងណា នេះបើតាមទិន្នន័យទទួលបានពី CoinMarketCap ។
បន្ថែមពីនេះ កាលពីឆ្នាំមុន លោក Musk បានបង្កើនតម្លៃកាក់គ្រីបតូម្តងហើយម្តងទៀត ដោយគ្រាន់តែគាត់បានបង្ហោះសារដែលទាក់ទងអំពីវា ហើយពេលខ្លះ លោក Musk អាចផ្លាស់ប្តូរតម្លៃនៃកាក់គ្រីបតូ រហូតដល់ទៅ ១០% ឯណោះ បន្ទាប់ពីបង្ហោះ Tweet ត្រឹមតែមួយ ។
ជាមួយគ្នានេះ អ្នកខ្លះបានសម្តែងការព្រួយបារម្ភថា Tweets របស់លោក Musk អាចមានឥទ្ធពលខ្លាំង ក្នុងការផ្លាស់ប្តូរទីផ្សាររូបិយប័ណ្ណឌីជីថល ឱ្យកាន់តែធ្ងន់ធ្ងរទៅលើបញ្ហានៃការប្រែប្រួលចំពោះតម្លៃ ស្របពេលអ្នកផ្សេងទៀត ហាក់សប្បាយចិត្ត ដែលមហាសេដ្ឋីពិភពលោករូបនេះ បានងាកមកយកចិត្តទុកដាក់ទៅលើឧស្សាហកម្មនេះ ៕
ប្រភព: Independent