មហាសេដ្ឋី Dmitry Rybolovlev ត្រូវបានគេរាយការណ៍មកថា មានបំណងចង់កែប្រែកោះ Skorpios ដែលជាអតីតកម្មសិទ្ធិរបស់គ្រួសារត្រកូល Onassis ទៅជាកោះសិល្បៈមួយ។

យោងទៅតាមការចុះផ្សាយពីបណ្ដាញសារព័ត៌មានក្រិកបានឲ្យដឹងថា លោក Rybolovlev ដែលជាម្ចាស់កោះ មានបំណងចង់បង្រួមអាជីវកម្មរមណីយដ្ឋានទំនើបនៅលើកោះ ជាមួយនឹងស្នាដៃរបស់វិចិត្រករល្បីៗឈ្មោះទាំងអស់នៅក្នុងវិស័យស្ថាបត្យកម្ម និងចម្លាក់នៃសតវត្សទី ២០។

ដើម្បីអាចសម្រេចបំណងប្រាថ្នានេះបាន ការចំណាយពីដំបូងនៃការសាងសង់អាចខ្ទង់ ១៦៥ លានអឺរ៉ូ តែបានកើនឡើងដល់ ៤០០លានអឺរ៉ូ ឬជិត ៤៥០ លានដុល្លារ ដោយសារការកែប្រែមិនត្រូវឲ្យប៉ះពាល់ដល់ប្រវត្តិសាស្ត្រនៃកោះ Scorpio ដែលមានទំនាក់ទំនងជាមួយគ្រួសារត្រកូល Onassis ឡើយ។

ផែនការមួយនេះអាចបញ្ចប់នៅឆ្នាំ ២០២៤ ខណៈគ្រួសារត្រកូល Rybolovlev នឹងប្រកាសពីការដាក់ជួលស្នាក់នៅ តែមិនទាន់បង្ហើបឲ្យដឹងពីតម្លៃឡើយ ដោយសារមហាសេដ្ឋីរុស្ស៊ីម្នាក់នេះចង់ឃើញការសាងសង់បញ្ចប់ជាមុនសិន។

បើតាមប្រភពបានសន្និដ្ឋានថា តម្លៃនៃការស្នាក់នៅកោះនោះអាចចន្លោះពី ១ ទៅ ២ លានដុល្លារក្នុងរយៈពេល ១ សប្ដាហ៍ ហើយអាចនឹងបន្តឡើងថ្លៃបន្ថែមទៀតនៅពេលដែលកោះ Scorpio ក្លាយជាកោះវិចិត្រសាលពេញលេញ៕
ប្រភព: greekcitytimes