ម៉ាឡេស៊ី ហៅក្រុមហ៊ុនទាំងអស់ ដែលត្រូវអាមេរិកហ៊ាមឃាត់មិនឱ្យនាំចូលទំនិញ ពិភាក្សាដោះស្រាយ

អន្តរជាតិ

ក្រសួងធនធានមនុស្សរបស់ប្រទេសម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងកោះហៅក្រុមហ៊ុនទាំងអស់ ដែលប្រឈមមុខជាមួយនឹងការហាមឃាត់មិនឱ្យនាំចូលទំនិញទៅកាន់សហរដ្ឋអាមេរិក ជុំវិញករណីសង្ស័យថាបានអនុវត្តការងារដោយបង្ខិតបង្ខំ ដើម្បីមកពិភាក្សាគ្នា អំពីការស្វែងរកដំណោះស្រាយ ទៅលើការចោទប្រកាន់នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងផងដែរថា រោងចក្រម៉ាឡេស៊ី ដែលរាប់បញ្ចូលទាំងក្រុមហ៊ុនផ្គត់ផ្គង់ដូងប្រេង និងស្រោមដៃវេជ្ជសាស្រ្តធំៗ ត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើង បន្ទាប់ពីមានការចោទប្រកាន់អំពីការរំលោភបំពានទៅលើកម្មករចំណាកស្រុក ។

ជាក់ស្តែង មន្រ្តីគយ និងការពារព្រំដែនសហរដ្ឋអាមេរិក (CBP) បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងបន្តរារាំង ការនាំចូលពីក្រុមហ៊ុនផលិតស្រោមដៃពេទ្យ YTY Group ដោយផ្អែកលើព័ត៌មាន ដែលបានរកឃើញថាក្រុមហ៊ុននេះ បានប្រើប្រាស់កម្លាំងពលកម្មដោយបង្ខិតបង្ខំ ហើយវាគឺជាការហាមឃាត់លើកទី ៧ ហើយ សម្រាប់ក្រុមហ៊ុនរបស់ម៉ាឡេស៊ី ក្នុងរយ:ពេល ២ ឆ្នាំកន្លងមកនេះ ។

មិនតែប៉ុណ្ណោះ ស្ថាប័នដដែលនេះ ក៏បានរកឃើញផងដែរថា ក្រុមហ៊ុនផលិតប្រេងដូង របស់ម៉ាឡេស៊ី Sime Darby Plantation Bhd ក៏បានប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ នៅក្នុងដំណើរការផលិកម្មរបស់ខ្លួនផងដែរ ហើយទំនិញរបស់ក្រុមហ៊ុន ថែមទាំងត្រូវបានរឹបអូសទៀតផង ។

យ៉ាងណាក៏ដោយ ជុំវិញបញ្ហាខាងលើ រដ្ឋមន្រ្តីធនធានមនុស្សម៉ាឡេស៊ី លោក M. Saravanan បាននិយាយថា លោកនឹងជួបជាមួយក្រុមហ៊ុន ដែលត្រូវបានសហរដ្ឋអាមេរិកហាមឃាត់ទាំងអស់ រួមទាំងក្រុមហ៊ុនផលិតស្រោមដៃពេទ្យ WRP Asia Pacific និង Top Glove Corp ដែលទើបតែត្រូវបានលើកលែងការហាមឃាត់ ដោយ CBP ផងដែរ ដើម្បីមកពិភាក្សាស្វែងរកដំណោះស្រាយ ។

លើសពីនេះ លោករដ្ឋមន្រ្តីបានទទួលស្គាល់ថា ការចោទប្រកាន់ពីសំណាក់សហរដ្ឋអាមេរិក មកលើក្រុមហ៊ុនម៉ាឡេស៊ី គឺបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើទំនុបចិត្តរបស់អ្នកវិនិយោគ នៅក្នុងប្រទេស ៕

ប្រភព: Kelo News