កន្លងមកយើងធ្លាប់ស្គាល់មហាសេដ្ឋីជាច្រើននាក់រួចមកហើយ រួមមាន Elon Musk ជាមហាសេដ្ឋីបំផុតលើលោក និង Mukesh Ambani ឬ Gautam Adani ដែលបច្ចុប្បន្នកំពុងប្រជែងគ្នាទទួលងារជាមហាសេដ្ឋីមានបំផុតនៅអាស៊ី។

ជាមួយគ្នានោះ មានដំណឹងល្ហៀងៗថា មានលេចនូវវត្តមានរបស់មហាសេដ្ឋីវ័យក្មេងបំផុតលើលោកដែលមានវ័យត្រឹម ៩ ឆ្នាំប៉ុណ្ណោះ ខណៈក្មេងប្រុសម្នាក់នោះគឺ Muhammed Awal Mustapha ដែលត្រូវបានគេហៅថា Mompha Jr.។ នេះបើតាមការចុះផ្សាយពី The Mirror។

សារព័ត៌មានខាងលើបានអះអាងបន្ថែមថា ឪពុកក្មេងប្រុសម្នាក់នេះបានទិញវីឡាមួយខ្នងជាកាដូសម្រាប់ថ្ងៃខួបកំណើតវ័យ ៦ ឆ្នាំរបស់ Mompha Jr. ខណៈក្រៅពីការទិញផ្ទះ ឪពុកម្នាក់នេះតែងតែបង្ហោះរូបភាពនៅលើបណ្ដាញសង្គម Instagram អួតអាងពីជីវិតបែបស៊ីវិល័យរបស់គ្រួសារ។

ជាក់ស្ដែង គណនី Instagram របស់ Mompha Jr. ផ្ទាល់ គឺពោរពេញទៅដោយរូបភាពបង្ហាញពីការចាយវាយហ៊ឺហាដូចជា ការទិញសម្លៀកបំពាក់ Brand Brand ជិះឡានទំនើបៗជាដើម។
យ៉ាងណា The Mirror ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នឪពុករបស់ក្មេងប្រុសម្នាក់នេះត្រូវបានចាប់ខ្លួនកាលពីខែមុន ក្រោមការចោទប្រកាន់ប្រើប្រាស់ក្រុមហ៊ុន Ismalob Global Investment Limited ដើម្បីបន្លំប្រាក់ប្រជាជនច្រើនជាង ៧៩ លានដុល្លារ ហើយពេលនេះលោកកំពុងរង់ចាំដីកាពីតុលាការ ក្នុងការដោះស្រាយក្ដីទាក់ទងនឹងការឆបោកតាមបណ្ដាញអ៊ីនធឺណិត និងលាងលុយកខ្វក់៕
ប្រភព: blackenterprise