Elon Musk និង Jeff Bezos របូត​ទ្រព្យ​អស់​រាប់ពាន់​លាន​ តែ​បិតា​វិនិយោគិន Warren Buffet បែរ​ជា​មិន​បាត់​សូម្បី​មួយ​កាក់

អន្តរជាតិ

ចូល​ដល់​ឆ្នាំ ២០២២ ភ្លាម​ ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​ជា​ច្រើន​នាក់​មាន​ការ​ធ្លាក់ចុះ​ជា​គំហុក តួយ៉ាង Elon Musk របូត​ទ្រព្យ​អស់​ប្រមាណ​ជាង ៥០ ពាន់​លាន​ដុល្លារ​ឯណោះ ខណៈ Jeff Bezos វិញ​ក៏​ខាត​យ៉ាង​ដំណំ​ដែរ ពោល​ប្រមាណ​ជិត ២៨ ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទោះ​ទ្រព្យសម្បត្តិ​របស់​ CEO ក្រុមហ៊ុន Tesla ថយ​ចុះ​ដល់​ទៅ​ជាង ៥០ ពាន់​លាន​ដុល្លារ​ក្ដី តែ​ទ្រព្យ​ដែល​នៅ​សេសសល់​បច្ចុប្បន្ន​ប្រមាណ ២១៦ ពាន់​លាន​ដុល្លារ​ទៀត​នោះ ក៏​នៅ​តែ​អាច​រក្សា​ងារ​ជា​បុគ្គល​មាន​បំផុត​លើ​លោក​របស់​ស្ថាបនិក​ក្រុមហ៊ុន SpaceX ដដែល។

ស្របពេល​មហាសេដ្ឋី​ជា​ច្រើន​កំពុង​ពិបាក​ចិត្ត​ជាមួយ​នឹង​ការ​ថយ​ចុះ​ទ្រព្យ​រាប់ពាន់​លាន​ដុល្លារ តែ​បិតាវិនិយោគិន Warren Buffet ឯណេះ​វិញ គឺ​មិន​បាន​ឈឺក្បាល​ហាលថ្ងៃ​ឡើយ ពោល​មិន​បាន​បាត់បង់​សូម្បី​មួយ​កាក់​មួយសេន ថែម​ទាំង​កើន​ទ្រព្យ​ជាង ២ ពាន់​លាន​ដុល្លារ​ទៀត​ផង។

យោង​តាម​ការ​ចុះ​ផ្សាយ​ពី Bloomberg Billionare Index កាលពី​សប្ដាហ៍​មុន​ឲ្យ​បាន​ដឹង​ថា ទ្រព្យសម្បត្តិ​របស់ Buffet បាន​កើនឡើង​ប្រមាណ ២,៤ ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​សរុប​របស់​លោក​ឡើង​ដល់ ១១១ ពាន់​លាន​ដុល្លារ។

ដោយឡែក មូលហេតុ​ដែល​ធ្វើ​ឲ្យ​បិតា​វិនិយោគិន​ម្នាក់​នេះ​មិន​រវីរវល់​ជាមួយ​ការ​ខាតបង់​ដូច​នឹង​មហាសេដ្ឋី​ផ្សេង​ទៀត​គឺ​ដោយសារ មហាសេដ្ឋី​ភាគច្រើន​គឺ​រកស៊ី​លើ​វិស័យ​បច្ចេកវិទ្យា ដែល​មាន​ភាគហ៊ុន​ធំ​ផ្សារភ្ជាប់​តែមួយ តែ​សម្រាប់ Berkshire Hathaway របស់ Warren Buffet វិញ គឺ​មាន​ផលប័ត្រ​ភាគហ៊ុន​យ៉ាងទូលំទូលាយ​លើ​វិស័យ​ជាច្រើន​ ដែល​អាច​ធានា​បាន​យ៉ាង​ល្អ​ថា ទោះ​ទីផ្សារ​បច្ចេកវិទ្យា​ក្រឡុក​ខ្លាំង​យ៉ាងណា ក៏​ Buffet មិន​បាន​ឈឺក្បាល​ហាលថ្ងៃ​ជាមួយ​វា​ឡើយ៕

ប្រភព: indiatimes