កាលពីថ្ងៃទី ១ កុម្ភៈ មហាសេដ្ឋី George Soros បានព្រមានសម្រាប់ការវិនិយោគនៅក្នុងប្រទេសចិន បន្ទាប់មើលឃើញពីឱនភាពនៃវិស័យអចលនទ្រព្យនៃប្រទេសមហាអំណាចមួយនេះ។
តួយ៉ាងក្រុមហ៊ុនអចលនទ្រព្យយក្ស Evergrande កំពុងមានភាពលំបាកជាខ្លាំងសម្រាប់ការសងបំណុល ក្រោយរដ្ឋាភិបាលចេញច្បាប់ថ្មីទាក់ទងនឹងការរឹតបន្តឹងលើវិស័យអចលនទ្រព្យ ដែលធ្វើឲ្យវិស័យសេដ្ឋកិច្ចលើទីផ្សារមួយនេះមានភាពច្របូកច្របល់ខ្លាំង។
ថ្លែងសន្ទរកថានៅសកលវិទ្យាល័យ Standford University’s Hoover Institution លោក Soros បាននិយាយថា ប្រធានាធិបតី Xi Jinping ប្រហែលជាមិនអាចស្ដារស្ថិរភាពដែលវិស័យអចលនទ្រព្យកំពុងមានភាពរញ៉េរញ៉ៃនេះបានឡើយ ដោយសារពេលនេះកំពុងមានការរំអុកខ្លាំងពីខាងអ្នកសាងសង់ ស្របពេលតម្លៃដី និងអាផាតមិនផ្សេងៗកំពុងធ្លាក់ចុះឥតថមថយ។
វីរបុរសវិនិយោគិនខាងលើបានអះអាងថា ការវិនិយោគលើជំនួញកាន់តែច្រើននៅក្នុងប្រទេសចិននាពេលនេះ គឺមានហានិភ័យកាន់តែខ្លាំង ស្របពេលលោកបានរិះគន់រដ្ឋាភិបាលប៉េកាំងយ៉ាងចាស់ដៃទៅលើគោលនយោបាយឃ្លាំមើល និងបង្ក្រាបនូវជំនួញអាជីវកម្មនានានាពេលកន្លងមក៕
ប្រភព: latestly