ប្រទេសស្រីលង្កា ត្រូវបានផ្តល់ការសង្រ្គោះបណ្តោះអាសន្នពីសំណាក់រដ្ឋាភិបាលឥណ្ឌា ជុំវិញការខ្វះខាតថាមពល និងការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំនៅក្នុងប្រទេស ជាមួយនឹងប្រាក់កម្ចីចំនួន ៥០០ លានដុល្លារ ដើម្បីផ្តល់ជូនហិរញ្ញប្បទាន ក្នុងការទិញចូលប្រេងឥន្ធនៈជាបន្ទាន់ ។
ជាក់ស្តែងវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសដីកោះមួយនេះ បានធ្វើឱ្យរោងចក្រផលិតថាមពល មិនអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់អគ្គិសនីបាន ក៏ដូចជាបានរំខានទៅលើបណ្តាញដឹកជញ្ជូនផងដែរ ។
ការដាច់ភ្លើងញឹកញាប់ នៅរោងចក្រថាមពលធ្យូងថ្មដ៏ធំមួយ បានធ្វើឱ្យមានការកាត់ផ្តាច់ចរន្តអគ្គិសនី ដោយមិនបានប្រកាសទុកមុន ស្របពេលគ្រួសារជាច្រើន នៅក្នុងប្រទេសស្រីលង្កា ក៏កំពុងជួបការលំបាក ក្នុងការប្រើប្រាស់ហ្គាស់ និងប្រេងកាតផងដែរ ។
យ៉ាងណា ជុំវិញបញ្ហានេះ ក្រុមមន្ត្រីរបស់ស្រីលង្កា បាននិយាយថា កិច្ចព្រមព្រៀងផ្លូវការមួយ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃពុធ បន្ទាប់ពីមានការពិភាក្សាអស់រយ:ពេលពីរសប្តាហ៍ ដោយបន្ថែមពីលើជំនួយប្តូររូបិយប័ណ្ណបរទេស ចំនួន ៩១៥ លានដុល្លារ ក្នុងពេលថ្មីៗនេះ ។
មិនតែប៉ុណ្ណោះ អ្នកការទូតឥណ្ឌាម្នាក់ បាននិយាយថា ការពិភាក្សាកំពុងដំណើរការ លើកម្ចីឥណទានចំនួន ១ ពាន់លានដុល្លារ ផ្សេងទៀត សម្រាប់ប្រទេសស្រីលង្កា ដើម្បីផ្តល់មូនិធិ ដល់ការនាំចូលអារហារ និងថ្នាំ ដែលពួកគេកំពុងត្រូវការជាបន្ទាន់ ។
គួរឱ្យដឹងផងដែរថា សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា កំពុងប្រឈមមុខជាមួយនឹងភាពខ្វះខាតខ្លាំង សម្រាប់អង្ករ គ្រឿងបន្លាស់រថយន្ត និងស៊ីម៉ងត៍ផងដែរ ដោយផ្សារទំនើបជាច្រើន ត្រូវបង្ខំឱ្យបែងចែកអាហារសំខាន់ៗមួយចំនួន ទៀតផង ៕
ប្រភព: CNA