យក​គំរូ​តាម​ CEO ក្រុមហ៊ុន JD មហាសេដ្ឋី​ចិន​នាំ​គ្នា​បរិច្ចាគថវិកា​រយពាន់លាន​ដុល្លារ​ជួយ​ដល់​សង្គម

អន្តរជាតិ

កាលពី​ថ្ងៃពុធ​នេះ ស្ថាបនិក​ក្រុមហ៊ុន​យក្ស JD.com និង​ជា CEO លោក Richard Liu បាន​ប្រកាស​នឹង​បរិច្ចាគ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ប្រមាណ ៦២,៤ លាន​ហ៊ុន​ទៅ​កាន់​កម្មវិធី​សប្បុរសធម៌ ខណៈ​សកម្មភាព​បែបនេះ​គឺ​ត្រូវ​បាន​មហាសេដ្ឋី​ឯទៀត​កំពុង​យក​គំរូ​តាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ប្រកាស​បរិច្ចាគ​ទឹកប្រាក់​នេះ​ ធ្វើ​ឡើង​ក្រោយ​រដ្ឋាភិបាល​ចិន​បាន​​រឹតបន្តឹង​​ទៅ​លើ​វិស័យ​បច្ចេកវិទ្យា រាប់​បញ្ចូល​ទាំង​ក្រុមហ៊ុន JD.Com និង​គូ​ប្រជែង Alibaba Group Holding ផងដែរ ដែល​ជា​ផ្នែក​មួយ​នៃ​វិធានការ “ក្រោម​មេឃ​តែ​មួយ” របស់​ប្រធានាធិបតី Xi Jinping ក្នុង​ការ​លុប​បំបាត់​វិសមភាព​នៅ​​ក្នុង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ទី ២។

ក្រៅពី​លោក Liu នៅ​មាន​មហាសេដ្ឋី​ជាច្រើន​ទៀត​កំពុង​នាំគ្នា​បរិច្ចាគ​លុយ​ជូន​រដ្ឋាភិបាល​ដែល​មាន​ដូចជា ស្ថាបនិក​ក្រុមហ៊ុន ByteDance លោក Zhang yiming បាន​បរិច្ចាគ​ប្រាក់ ៥០០ លាន​យ៉ន់ ឬ ៧៨,៦១ លាន​ដុល្លារ​ទៅ​កាន់​ទីក្រុង Longyan សម្រាប់​ប្រព័ន្ធ​អប់រំ។

បើ​យោង​តាម​របាយការណ៍​កាលពី​ខែមិថុនា​ឆ្នាំ​ទៅ ក្រុមហ៊ុន​ដឹកជញ្ជូន​ចំណីអាហារ​ខ្នាត​យក្ស Meituan ក៏​បាន​បរិច្ចាគ​ចំណែក​ភាគហ៊ុន​ដែល​មាន​តម្លៃ​ជាង ២ ពាន់​លាន​ដុល្លារ​សម្រាប់​រដ្ឋាភិបាល​ផងដែរ។

បញ្ជាក់​ដែរ​ថា តម្លៃ​ភាគហ៊ុន​របស់ JD នា​ពេល​បច្ចុប្បន្ន​គឺ ៧៣,២១ ដុល្លារ ហើយ​បើសិន​ជា​ក្រុមហ៊ុន​បរិច្ចាគ​ជាង ៦២ លាន​ហ៊ុន​ គឺ​វា​មាន​តម្លៃ​ជាង ៤,៥ ពាន់​លាន​ដុល្លារ​អាមេរិក៕

ប្រភព: kfgo