កាលពីពេលថ្មីៗនេះ មហាសេដ្ឋីអូស្ត្រាលី Andrew Forrest បានដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមហ៊ុន Facebook ពីបទមិនអាចគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយបានល្អ ដោយមានផ្ទាំងពាណិជ្ជកម្មឆបោកមួយមានរូបលោកនៅលើនោះ។ នេះបើតាមការចុះផ្សាយពីកាសែត Sydney Morning Herald។
ក្រុមការពារក្ដីរបស់មហាសេដ្ឋីខាងលើបានអះអាងថា នេះគឺជាលើកដំបូងដែល Facebook នឹងជួបប្រទះការប្ដឹងទាក់ទងនឹងករណីឆបោកបែបនេះលើពិភពលោក ខណៈកាលពីឆ្នាំ ២០១៩ ក្រុមហ៊ុនបណ្ដាញសង្គមខ្នាតយក្សមួយនេះក៏ធ្លាប់ត្រូវបានស៊ើបអង្កេតពីសហរដ្ឋអាមេរិកទាក់ទងនឹងការគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ផងដែរ។
ប្រភពខាងលើអះអាងទៀតថា មហាសេដ្ឋី Forrest បានដាក់ពាក្យបណ្ដឹងនៅទីក្រុង California ដែលជាទីស្នាក់ការកណ្ដាលរបស់ Facebook តែម្ដង ស្របពេលតុលាការ The Magistrates Court of Western Australia នឹងចាប់ផ្ដើមសវនាការនៅចុងខែមីនា ហើយប្រសិនបើចៅក្រមរកឃើញថា Facebook ពិតជាមានកំហុស នោះពួកគេនឹងទទួលរងពិន័យជាទឹកប្រាក់ ឬអាចបង្ខំឲ្យផ្លាស់ប្ដូរផែនការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេ។
បញ្ជាក់ដែរថា កន្លងមកធ្លាប់មានអ្នកចាញ់បោកផ្ទាំងពាណិជ្ជកម្មដែលមាននៅលើ Facebook នៅក្នុងប្រទេសអូស្ត្រាលីដល់ទៅ ៦៧០ ០០០ ដុល្លារដែលផ្ទាំងពាណិជ្ជកម្មមួយនោះមានរូបលោក Forrest នៅជាមួយ ទើបធ្វើឲ្យកិត្តិយសរបស់មហាសេដ្ឋីរូបនេះខូចខាតជាខ្លាំង ទើបសម្រេចចិត្តប្ដឹងផ្ដល់ទៅកាន់ក្រុមហ៊ុនបណ្ដាញសង្គមខ្នាតយក្សមួយនេះ។ នេះបើតាមការអះអាងពី The Australian៕
ប្រភព: Forbes