កន្លងមក ឧកញ៉ាញូសន៍ធ្លាប់បានណែនាំមហាសេដ្ឋីប្រចាំទ្វីប និងមានបំផុតលើលោករួចរាល់មកហើយ ខណៈសម្រាប់អត្ថបទមួយនេះវិញ សូមបង្វែរចំណាប់អារម្មណ៍ប្រិយមិត្តឲ្យមកស្គាល់នូវមហាសេដ្ឋីវ័យក្មេងបំផុតទាំង ១០ រូបដែលមានវ័យសុទ្ធតែក្រោម ៣០ ឆ្នាំវិញម្ដង។
10/ Jonathan Kwok

ស្ថិតនៅក្នុងវ័យ ២៩ ឆ្នាំ បុរសម្នាក់នេះមានទ្រព្យសម្បត្តិប្រមាណ ២,៤ ពាន់លានដុល្លារ ខណៈលោកគឺជាអ្នកជំនួញអចលនទ្រព្យនៅហុងកុង ដែលបន្តអាជីវកម្មពីឪពុកដែលជាស្ដេចត្រាញ់លើវិស័យមួយនេះ។
9/ Sam Bankman-Fried

មហាសេដ្ឋីរូបនេះវិញក៏ធ្លាប់ត្រូវបានឧកញ៉ាញូវសន៍ចុះផ្សាយម្ដងដែរ ពីសកម្មភាពសប្បុរសធម៌ និងជីវភាពរស់នៅយ៉ាងសាមញ្ញរបស់លោក។ ក្នុងនាមជាស្ថាបនិកក្រុមហ៊ុនជួញដូរកាក់ឌីជីថល FTX បុរសវ័យ ២៩ ឆ្នាំមានទ្រព្យសម្បត្តិ ៨,៧ ពាន់លានដុល្លារ។
8/ Stanley Tang

ចំណែកសហគ្រិនរូបនេះវិញគឺជាសហស្ថាបនិក និងជាប្រធានផ្នែកផលិតនៃក្រុមហ៊ុនដឹកជញ្ជូនអាហារឈានមុខគេនៅអាមេរិក Doordash។ ស្ថិតនៅក្នុងវ័យ ២៨ ឆ្នាំបុរសដែលមានដើមកំណើតនៅហុងកុងក្ដោបក្ដាប់ទ្រព្យសម្បត្តិប្រមាណ ២ ពាន់លានដុល្លារ។
7/ Andy Fang

កូនកាត់ចិនអាមេរិកវ័យ ២៨ឆ្នាំម្នាក់នេះជាដៃគូជាមួយនឹង Stanley ដែលបានបង្កើតក្រុមហ៊ុន Doordash ហើយបានជាប់ឈ្មោះនៅតារាងមហាសេដ្ឋីវ័យក្មេងបំផុតទី ៧ ជាមួយទ្រព្យសម្បត្តិប្រមាណ ២ ពាន់លានដុល្លារ។
6/ Gustav Magnar Witzoe

បុរសដែលឈរនៅចំណាត់ថ្នាក់លេខ ៦ ម្នាក់នេះគឺមានអាជីវកម្មច្រើនមុខរាប់បញ្ចូលតាំងពីតារាបង្ហាញម៉ូដ សហគ្រិន និងថែមទាំងជាអ្នកស្នងតំណែងនៃគ្រួសារមហាសេដ្ឋីត្រកូល Gustav ទៀតផង។ បច្ចុប្បន្ន លោកមានទ្រព្យសម្បត្តិប្រមាណ ៤,៤ ពាន់លានដុល្លារដែលបានមកពីកសិដ្ឋានចិញ្ចឹមត្រី។
5/ Austin Russel

អតីតនិស្សិតឈប់រៀនពីសកលវិទ្យាល័យ Stanford ម្នាក់នេះ គឺជាម្ចាស់និងជា CEO ក្រុមហ៊ុនបង្កើតបច្ចេកវិទ្យាចាប់ Sensor រថយន្តទំនើបដែលធ្លាប់លឺចចាមអារ៉ាមថាសូម្បីតែ Elon Musk ក៏ចាប់អារម្មណ៍នឹងបច្ចេកវិទ្យានេះដូចគ្នា។ ស្ថិតនៅក្នុងវ័យ ២៥ ឆ្នាំបុរសម្នាក់នេះមានទ្រព្យសម្បត្តិប្រមាណ ២,៤ ពាន់លានដុល្លារ។
4/ Katharina Andresen

នារីដំបូងនៅក្នុងបញ្ជីមួយនេះគឺមានដើមកំណើតពីប្រទេសន័រវែស និងមានទ្រព្យសម្បត្តិប្រមាណ ១,៤ ពាន់លានដុល្លារ ដែលជាការស្នងមរតកពីឪពុករបស់នាង ខណៈវាគឺជាការបណ្ដាក់ទុនជាមួយក្រុមហ៊ុនតម្លៃរាប់ពាន់លានដុល្លារឈ្មោះ Ferd។
3/ Alexandra Andreson

ជាប្អូនស្រីរបស់ Katharina ដែលមានទ្រព្យសម្បត្តិដូចទៅនឹងបងស្រី ១,៤ ពាន់លានដុល្លារដែលមានការបណ្ដាក់ទុននៅក្រុមហ៊ុនជាមួយគ្នា Ferd និងមានអត្រាចំណូលប្រចាំឆ្នាំប្រហែល ២ ពាន់លានដុល្លារ។
2/ Wang Zelong

មហាសេដ្ឋីវ័យក្មេងបំផុតទី ២ លើលោកគឺមានដើមកំណើតពីប្រទេសចិន ហើយស្ថិតនៅក្នុងវ័យ ២៤ ឆ្នាំបុរសម្នាក់នេះមានទ្រព្យសម្បត្តិប្រមាណ ១,៥ ពាន់លានដុល្លារ ខណៈប្រភពចំណូលធំរបស់លោកគឺបានមកពីរោងចក្រផលិតសារធាតុពណ៌ទីតាញ៉ូមឌីអុកស៊ីតនៅចិន។
1/ Kevin David Lehman

ងារជាមហាសេដ្ឋីវ័យក្មេងបំផុតលើលោកគឺជាយុវជនវ័យ ១៨ ឆ្នាំដែលមានទ្រព្យសម្បត្តិប្រមាណ ៣,៣ ពាន់លានដុល្លារ ដែលបានមកពីចំណែកភាគហ៊ុនពាក់កណ្ដាលដែលឪពុករបស់គេបានផ្ដល់ឲ្យជាកាដូនៅថ្ងៃខួប ១៤ ឆ្នាំ ហើយទើបនឹងមានសិទ្ធកាន់កាប់កាលពីឆ្នាំ ២០២០។ ភាគហ៊ុនរបស់ Kevin គឺជាក្រុមហ៊ុនលក់ឱសធធំមួយមានឈ្មោះថា Drogerie Markt៕
ប្រភព: sentinelassam