យោងតាមរបាយការណ៍ដែលបានចុះផ្សាយកាលពីថ្ងៃពុធបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានទសវត្សខាងមុខ គ្រួសារមហាសេដ្ឋីនៅអាមេរិកអាចនឹងគេចវេសការបង់ពន្ធជូនរដ្ឋរហូតដល់ ៨,៤ ទ្រីលានដុល្លារ ស្របពេលរបាយការណ៍ស្តីពីយុត្តិធម៌ពន្ធរបស់ជនជាតិអាមេរិក បានស្នើឲ្យរដ្ឋសភាជួយរកដំណោះស្រាយក្នុងរឿងមួយនេះ។
បើតាមការវាយតម្លៃថ្មីបានបង្ហាញពីចន្លោះប្រហោងជាច្រើន ដែលរដ្ឋកំពុងមានលើបញ្ហាមួយនេះ ដូចជាការលើកលែងការផ្ទេរមរតកទៅកាន់កូនចៅតជំនាន់ជាដើម។
“គ្រួសារដែលមានធនធានច្រើនរាប់មិនអស់ បានប្រើប្រាស់ទំនុកចិត្តរដ្ឋក្នុងការរក្សាមរតករបស់ពួកគេឲ្យបានគង់វង្សតជំនាន់ ដើម្បីអាចធានាបានថា កូនចៅរបស់ពួកគេអាចមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយចាយលុយលើការបង់ពន្ធតិចទៅលើការផ្ទេរមរតក”។ នេះបើតាមការអះអាងពីរបាយការណ៍ដែលទទួលបាន។
“គ្រួសារមហាសេដ្ឋីជាច្រើនអាចសន្សំប្រាក់ពីការបង់ពន្ធរហូតដល់ ៨,៤ ទ្រីលានដុល្លារសម្រាប់រយៈពេល ២៤ ឆ្នាំខាងមុខ បើសិនជាការបង់ពន្ធអចលនទ្រព្យនៅតែស្ថិត ៤០% ដូចពេលនេះ”។
ទន្ទឹមនឹងនោះ បើតាមការស្រាវជ្រាវថ្មីចុងក្រោយបានឲ្យដឹងថា កាលពីខែមុន ទ្រព្យសម្បត្តិមហាសេដ្ឋីមានបំផុតទាំង ១០ រូបនៅអាមេរិកមានការកើនឡើង ១ ពាន់លានដុល្លារជារៀងរាល់ថ្ងៃចាប់តាំងពីមានការរាតត្បាតកូវីដ-១៩៕
ប្រភព: alternet