កាលពីថ្ងៃសុក្រសប្ដាហ៍មុន មហាសេដ្ឋីមានបំផុតនៅទ្វីបអាហ្វ្រិក Aliko Dangote បានរំកិលតំណែងរបស់លោកក្នុងនាមជាមហាសេដ្ឋីមានបំផុតលើលោកដល់ទៅ ៦ លេខ បន្ទាប់ពីទ្រព្យសម្បត្តិរបស់បុរសជនជាតិនីហ្សេរីយ៉ាម្នាក់នេះកើនឡើងជាង ៥០០ លានដុល្លារ។

យោងទៅតាមការចុះផ្សាយពី Bloomberg Index បានឲ្យដឹងថា Dangote បច្ចុប្បន្នគឺមានទ្រព្យសម្បត្តិច្រើនជាង ២០ ពាន់លានដុល្លារ បន្ទាប់ពីរកចំណូលបាន ៥២៣ លានដុល្លារក្នុងរយៈពេលត្រឹម ៨ ម៉ោង។

ដោយឡែក មូលហេតុដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់បុរសវ័យ ៦៤ ឆ្នាំកើនឡើងយ៉ាងគំហុកបែបនេះ គឺដោយសារតម្លៃភាគហ៊ុននៃក្រុមហ៊ុន Dagonte Cement Plc និងតម្លៃប្រេងឆៅមានការឡើងថ្លៃហួសការស្មាន។
តម្លៃភាគហ៊ុននៃក្រុមហ៊ុន Dangote Cement Plc មានការហក់ឡើងដល់ទៅ ៥,៤៥% នៅលើទីផ្សារហ៊ុនរបស់ប្រទេសនីហ្សេរីយ៉ា ខណៈអាជីវកម្មផ្សេងៗរបស់ Dangote ក៏កំពុងបន្តបង្ហាញសញ្ញាវិជ្ជមានដូចគ្នា៕
ប្រភព: Legit