អេក្វាឌ័រ គ្រោងចុះកិច្ចព្រមព្រៀងជាមួយមហាអំណាចចិន ក្នុងការបង្កើនទំហំពាណិជ្ជកម្មដល់ ៣៥%

អន្តរជាតិ

កាលពីថ្ងៃអាទិត្យកន្លងទៅ លោក Julio Jose Prado រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បាននិយាយថា ប្រទេសអេក្វាឌ័រ កំពុងរំពឹងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ដែលបានគ្រោងទុកជាមួយប្រទេសចិន អាចនឹងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានប្រហែល ៣៥% ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ប្រទេសទាំង ២ កាលពីថ្ងៃសៅរ៍ បាននិយាយថា ពួកគេនឹងស្វែងរកការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ នៅចុងឆ្នាំនេះ ខណ:ការប្រកាសនេះផងដែរ ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន របស់ប្រធានាធិបតី អេក្វឌ័រ លោក Guillermo Lasso ។

គួរឱ្យដឹងផងដែរថា ប្រទេសចិន បានក្លាយជាអ្នកផ្តល់ប្រាក់កម្ចីធំបំផុត សម្រាប់អេក្វាឌ័រ ក្នុងរយ:ពេលមួយទសវត្សរ៍ចុងក្រោយនេះ ជាមួយនឹងឥណទានរយ:ពេលវែង មានចំនួនរាប់លានដុល្លារ ដែលទាក់ទងទៅនឹងការផ្តល់ប្រេងឆៅ ក៏ដូចជាការវិនិយោគទៅលើវារីអគ្គិសនី រ៉ែ និងប្រាក់កម្ចីផ្សេងទៀត ។

យ៉ាងណា ចិនគឺជាប្រទេសនាំមុខគេ ក្នុងការទិញយកផលិតផលផ្សេងៗ របស់ប្រទេសអេក្វាឌ័រផងដែរ ដែលរួមទាំងបង្គា និងចេកជាដើម ។

បន្ថែមពីនេះ លោក Prado បាននិយាយថា បើទោះបីជាប្រទេសអេក្វាឌ័រ នឹងព្យាយាមកាត់បន្ថយពន្ធលើផលិតផល ដែលដឹកជញ្ជូនទៅកាន់ប្រទេសចិន ឱ្យស្ថិតនៅកម្រិតអប្បបរមាក៏ដោយ ប៉ុន្តែប្រទេសលោក នឹងមានការការពារចំពោះឧស្សាហកម្មក្នុងស្រុក រួមទាំងផលិតផលដែកថែប វាយនភ័ណ្ឌ ស្បែកជើង និងការងារដំឡើងគ្រឿងបង្គុំជាដើម ខណ:រដ្ឋមន្រ្តីដដែលនេះ បានសង្កត់ធ្ងន់ទៀតថា ផលិតផលមួយចំនួន ក៏អាចនឹងត្រូវដកចេញពីកិច្ចព្រមព្រៀងរវាងប្រទេសចិន នេះផងដែរ ។

បញ្ជាក់ផងដែរថា ការនាំចេញផលិតផលមិនមែនប្រេង របស់អេក្វាឌ័រ ទៅកាន់ប្រទេសចិន នៅចន្លោះខែមករា ដល់ខែវិច្ឆិកា ឆ្នាំមុន មានចំនួនសរុបប្រហែល ២,៨ ពាន់លានដុល្លារ ខណ:ការនាំចូល នៅក្នុងរយ:ពេលដូចគ្នា មានចំនួន ៣,៩៦ ពាន់លានដុល្លារ។ យ៉ាងណានេះបើតាមរបាយការណ៍ ពីធនាគារកណ្តាលរបស់អេក្វាឌ័រ ៕

ប្រភព: CNA