តើ​អ្នក​ដឹង​ទេ? មហាសេដ្ឋី​មាន​បំផុត​នៅ​អាស៊ី​ធ្លាប់​ត្រូវ​គេ​ចាប់ជំរិត និង​ស្ថិតនៅ​ក្នុង​ហេតុការណ៍​ភេរវកម្ម​ដល់​ទៅ ២ លើក

អន្តរជាតិ

មហាសេដ្ឋី Gautam Adani បាន​ទទួល​ងារ​ជា​អ្នកមាន​ដាច់គេ​នៅ​អាស៊ី បន្ទាប់ពី​ទ្រព្យសម្បត្តិ​របស់​លោក​មាន​ការ​កើនឡើង​ខ្ពស់​ខ្លាំង​នា​ពេលថ្មីៗ​នេះ និង​តាម​ពី​ក្រោយ​ប្រកៀកប្រកិត​ដោយ​មហាសេដ្ឋី​រួម​សញ្ជាតិ Mukesh Ambani។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ​ប្រិយមិត្ត​ប្រហែល​ជា​មិនទាន់​ជ្រាប​ច្បាស់​នៅឡើយ​ពី​ហេតុការណ៍​បះសក់​ជាច្រើន​ដង​ដែល​មហាសេដ្ឋី​ឥណ្ឌា​ធ្លាប់ជួប ដែល​ក្នុង​នោះ​លោក Adani ធ្លាប់​ទាំង​ស្ថិតនៅ​ក្នុង​ហេតុការណ៍​ភេរវកម្ម​ដល់​ទៅ ២ លើក​ឯណោះ។

នៅ​ក្នុង​ថ្ងៃទី ០១ មករា ១៩៩៨ លោក Adani និង​អ្នកនយោបាយ Shantilal Patel ត្រូវបាន​គេ​ចាប់ជំរិត ដោយ​តាម​សេចក្ដី​រាយការណ៍​គឺ ក្រុម​ភេរវកម្ម​បាន​យក​កាំភ្លើង​ភ្ជង់ និង​បញ្ជា​ឲ្យ​លោក​ឈប់​ឡាន និង​បាន​ចាប់​អ្នក​ទាំង ២ ទៅ​កន្លែង​ស្ងាត់ តែ​ក្រោយ​មក​ត្រូវបាន​ដោះលែង​មក​វិញ។

រំលង​បាន​ជាង ១០ ឆ្នាំ​ក្រោយ​ ពោល​នៅ​ថ្ងៃទី ២៦ ​វិច្ឆិកា ២០០៨ ក្រុម​ភេរវកម្ម​បាន​បង្ក​ភាព​ចលាចល​ជាច្រើន​កន្លែង​នៅ​ទីក្រុង Mumbai ដែល​ក្នុង​ចំណោម​កន្លែង​ទាំងអស់ មាន​មួយ​កន្លែង​ជា​ភោជនីយដ្ឋាន​ដែល​ Adani កំពុង​ទទួល​អាហារ​ពេលល្ងាច​គឺ​សណ្ឋាគារ Taj។

មិនខុសគ្នា​ពី​ភ្ញៀវ​ដទៃ Adani បាន​រត់ពួន​នៅ​បន្ទប់​ក្រោមដី​នៃ​សណ្ឋាគារ បន្ទាប់​ពី​ក្រុម​ភេរវកម្ម​ធ្វើការ​វាយលុក។ រំលង​បាន​ប៉ុន្មាន​ម៉ោង លោក​និង​ភ្ញៀវ​ដទៃ​បាន​ប្ដូរ​កន្លែង​មក​កាន់​សាលប្រជុំ​នៃ​សណ្ឋាគារ​វិញ និង​ត្រូវ​បាន​រំដោះ​ដោយ​ក្រុម​អង្គរក្ស​ផ្ទាល់ខ្លួន​នា​ព្រឹក​បន្ទាប់ តាម​ទ្វារក្រោយ​នៃ​សណ្ឋាគារ។

បញ្ជាក់​ដែរ​ថា ​បច្ចុប្បន្ន Gautam Adani គឺ​ជា​មហាសេដ្ឋី​មាន​បំផុត​នៅ​អាស៊ី​ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ៩០ ពាន់​លាន​ដុល្លារ ខណៈ​តាម​ពីក្រោយ​យ៉ាង​ប្រកៀកប្រកិត​ពី​លោក Mukesh Ambani ដែល​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៨៩,៩ ពាន់​លាន​ដុល្លារ៕

ប្រភព: News9live