ស្ដេចត្រាញ់​អចលនទ្រព្យ David Rubenstein អះអាង​ថា​ដំណើរ​សេដ្ឋកិច្ច​នៅ​តែ​ល្អ ស្របពេល​មហាសេដ្ឋី​ឯទៀត​កំពុង​បារម្ភ​វិបត្តិ​អតិផរណា

អន្តរជាតិ

មួយរយៈកាល​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា​ ទ្រព្យសម្បត្តិ​មហាសេដ្ឋី​ជាច្រើន​កំពុង​មាន​ការ​ធ្លាក់ចុះ​ជាខ្លាំង តួយ៉ាង​ដូចជា​ស្ថាបនិក Facebook លោក Mark Zuckerberg បាន​របូត​ទ្រព្យសម្បត្តិ​ដល់​ទៅ​ជាង ៣០ ពាន់​លាន​ដុល្លារ​ត្រឹម​មួយ​ថ្ងៃ​ បន្ទាប់ពី​តម្លៃ​ហ៊ុន​នៃ​ក្រុមហ៊ុន Meta ធ្លាក់ចុះ​យ៉ាងគំហុក​មិន​ធ្លាប់​មាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មូលហេតុ​នេះ​ហើយ​ទើប​ក្រុម​មហាសេដ្ឋី​ជាច្រើន​កំពុង​ឈឺក្បាល​ហាលថ្ងៃ បារម្ភ​ខ្លាចក្រែង​បញ្ហា​មួយ​នេះ​អាច​បង្ក​ទៅ​ជា​វិបត្តិ​អតិផរណា​នា​ពេលអនាគត។ តែ​ជា​មួយគ្នា​នោះ​ក៏​មាន​មហាសេដ្ឋី​ផ្សេងទៀត​ដែល​មិន​យល់ស្រប​ជាមួយ​មតិ​នេះ​ដូចគ្នា។

ជាក់ស្ដែង លោក David Rubenstein បាន​អះអាង​ថា ដំណើរការ​សេដ្ឋកិច្ច​នៅ​តែ​បង្ហាញ​សញ្ញាវិជ្ជមាន​ដដែល និង​មិន​មាន​កត្តា​មួយណា​អាច​ធ្វើ​ឲ្យ​វិស័យ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ប្រែប្រួល​ទៅ​ជា​វិបត្តិ​សេដ្ឋកិច្ច​បាន​ឡើយ។

“​ខ្ញុំ​មិន​បាន​មើលឃើញ​ពី​កត្តា ឬ​ក៏​មូលហេតុ​ចំបង​អ្វីមួយ​ដែល​ធ្វើ​ឲ្យ​ទំហំ​ទីផ្សារ​មាន​ការ​ប្រែប្រួល និង​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​នាពេលបច្ចុប្បន្ន​វិវត្ត​ថយក្រោយ​ទាល់តែសោះ។ ខ្ញុំ​យល់​ឃើញ​ថា​ទំហំ​ទីផ្សារ​បច្ចុប្បន្ន​គឺ​នៅ​តែ​មាន​ភាព​ល្អ​ប្រសើរ ដូច​ទៅ​នឹង​អតីតភាព​ដែល​ពួកយើង​ធ្លាប់​ជួបប្រទះ”។

បញ្ជាក់​ដែរ​ថា លោក Rubentstein គឺ​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Carlyle Group ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​បំផុត​មួយ​លើ​លោក និង​គ្រប់គ្រង​អចលនទ្រព្យ​មាន​តម្លៃ​ប្រមាណ ៣០១ ពាន់​លាន​ដុល្លារ​ទូទាំង​ពិភពលោក​ ខណៈ​បច្ចុប្បន្ន​ទ្រព្យសម្បត្តិ​របស់​បុរស​វ័យ ៧២ ឆ្នាំ​គឺ​មាន​ប្រមាណ ៤,៣ ពាន់​លាន​ដុល្លារ៕

ប្រភព: Yahoo