កាលពីថ្ងៃសុក្រកន្លងទៅ មហាសេដ្ឋី និងជាវិនិយោគិនដ៏ល្បីឈ្មោះម្នាក់មានឈ្មោះ George Soros បានប្រកាសឲ្យដឹងថា លោកបានទិញភាគហ៊ុននៃរោងចក្រផលិតរថយន្តអគ្គិសនីថ្មីមួយមានឈ្មោះ Rivian ជិត ២០ លានហ៊ុន។
ចំនួនជាក់លាក់ដែលមហាសេដ្ឋីខាងលើបានទិញគឺ ១៩ ៨៣៥ ៧៦១ ហ៊ុន បើគិតជាទឹកប្រាក់ប្រហែល ២ ពាន់លានដុល្លារ ដែលធ្វើឲ្យក្រុមហ៊ុនSoros Fund Managementក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតមួយនៃក្រុមហ៊ុនដែលមិនទាន់ផលិតឡានដើម្បីលក់សូម្បីមួយគ្រឿងមួយនេះ។
ថ្វីបើមិនទាន់ផលិតរថយន្តសម្រាប់លក់នៅឡើយ ក៏ប៉ុន្តែ Rivian ត្រូវបានគេរំពឹងថានឹងអាចផ្ដល់ឲ្យក្រុមហ៊ុន Amazon.com Inc នូវរថយន្តដឹកទំនិញប្រភេទអគ្គិសនីច្រើនជាង ១០០ ០០០ គ្រឿងនាថ្ងៃខាងមុខ ខណៈ Amazon ក៏ជាគ្រប់គ្រងចំណែកភាគហ៊ុននៃ Rivian ២០% ផងដែរ។
បញ្ជាក់ដែរថា ភាគហ៊ុនរបស់ Rivian បានធ្លាក់ចុះ ៩% កាលពីថ្ងៃសុក្រ ហើយធ្លាក់ចុះ ៤៣%សម្រាប់ឆ្នាំនេះ ស្របពេល បើធៀបនឹងតម្លៃភាគហ៊ុនខ្ពស់បំផុតដែលធ្លាប់មាន បានធ្លាក់ចុះ ៦៧%ពីតម្លៃ ១៧៩,៤៦ ដុល្លារ ដែលធ្លាប់កើតមាននៅថ្ងៃទី ១៦ ខែវិច្ឆិកា បន្ទាប់ពីវាបានបង្កើន ១២ ពាន់លានដុល្លារអាមេរិកនៅក្នុងការចេញលក់ភាគហ៊ុនដ៏ធំបំផុតនៅឆ្នាំ ២០២១៕
ប្រភព: CNA