ក្រុមហ៊ុនចិន GWM ត្រៀមផលិតរថយន្តអគ្គិសនីនៅថៃ ក្នុងឆ្នាំ ២០២៤ ដើម្បីផ្គត់ផ្គង់ទីផ្សារអាស៊ាន រួមទាំង កម្ពុជា

អន្តរជាតិ

ក្រុមហ៊ុន ផលិតរថយន្តស្ព័ររបស់ប្រទេសចិន Great Wall Motor (GWM) បានបង្ហាញការបេ្តជ្ញាចិត្ត ក្នុងការចាប់ផ្តើមផលិតរថយន្តអគ្គិសនី (BEVs) នៅក្នុងប្រទេសថៃ ក្នុងឆ្នាំ ២០២៤ ខណ:នេះជាផ្នែកមួយ នៃការវិនិយោគ ចំនួន ២២,៦ ពាន់លានបាត ឬជិត ៧០០ លានដុល្លារ ដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន និងធ្វើឱ្យប្រទេសនេះ ក្លាយជាមជ្ឈមណ្ឌលផលិត និងស្រាវជ្រាវ EV ធំមួយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Elliot Zhang ប្រធានក្រុមហ៊ុន GWM Asean និងក្នុងប្រទេសថៃ បាននិយាយថា ៖ “វាអាចទៅរួច ក្នុងការផលិតរថយន្តអគ្គិសនីប្រភេទ ORA Good Cat របស់យើងឱ្យបានល្អ នៅក្នុងប្រទេសថៃ។ បច្ចុប្បន្នក្រុមហ៊ុន បាននាំចូលចំពោះម៉ូដែលនេះ ពីប្រទេសចិន ដើម្បីមកលក់ក្នុងទីផ្សារប្រទេសថៃ ” ។

គួរឱ្យដឹងថា ORA Good Cat គឺស្ថិតនៅក្នុងប្រភេទរថយន្ត BEV ហើយវាដំណើរការទាំងស្រុងដោយអគ្គិសនី ខណ:ម៉ូដែលនេះ ត្រូវបានដាក់លក់ ក្នុងប្រទេសថៃ កាលពីឆ្នាំមុន និបានកត់ត្រាចំនួនលក់ បានរហូតដល់ ៤៦២ គ្រឿង ។

មិនតែប៉ុណ្ណោះ លោក Zhang បាននិយាយទៀតថា ក្រុមហ៊ុនរបស់លោក រំពឹងថានឹងអាចវិនិយោគ ទៅលើការផលិតអាគុយរថយន្តអគ្គិសនី នៅឆ្នាំ ២០២៣ ដើម្បីបម្រើដល់ការដំឡើងរថយន្ត EV របស់ខ្លួន ។

បញ្ជាក់ផងដែរថា នៅឆ្នាំនេះ GWM ចង់បន្តពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងតំបន់អាស៊ាន ដោយដាក់ប្រទេសថៃ ជាការិយាល័យកណ្តាល ក្នុងតំបន់ ហើយក្រុមហ៊ុន បានរៀបចំបង្កើតរោងចក្រផលិតរថយន្ត EV របស់ខ្លួន នៅក្នុងខេត្តរ៉ាក់យ៉ង ដើម្បីផ្តល់ការផ្គត់ផ្គង់រថយន្ត នៅក្នុងប្រទេសថៃ និងប្រទេសអាស៊ានផ្សេងទៀត ដោយបច្ចុប្បន្ន GWM ក៏កំពុងដំណើរការលក់ នៅក្នុងប្រទេសឡាវ កម្ពុជា និងប្រ៊ុយណេផងដែរ ៕

ប្រភព: Bangkok Post