កាលពីថ្ងៃសុក្រកន្លងទៅ ប្រធានសភា Rahul Gandhi បានទម្លាយឲ្យដឹងថា មហាសេដ្ឋីមានបំផុតនៅឥណ្ឌា ១០០ នាក់មានទ្រព្យសម្បត្តិស្មើនឹងប្រជាជន ៤០% ពេញផ្ទៃប្រទេស ខណៈប្រទេសមួយនេះជាប់ឈ្មោះជាប្រទេសមានប្រជាជនរស់នៅច្រើនបំផុតទី ២ បន្ទាប់ពីចិន ពោលបច្ចុប្បន្នមានចំនួន ១,៣៨ ពាន់លាននាក់។ នេះគឺមានន័យថា ទ្រព្យសម្បត្តិមនុស្ស ១០០ នាក់ គឺស្មើនឹងទ្រព្យសម្បត្តិរបស់ប្រជាជនជាង ៥០០ លាននាក់នៅក្នុងប្រទេស។

“នៅឥណ្ឌា ប្រជាជនមាន ២ ផ្នែក គឺមហាសេដ្ឋី និងអ្នកគ្មានការងារធ្វើ។ សព្វថ្ងៃនេះអ្នកមានបំផុត ១០០ នាក់ មានទ្រព្យសម្បត្តិស្មើនឹងប្រជាជន ៤០%នៃផ្ទៃប្រទេស ហើយប្រាក់ចំណេញ ៩០% គឺធ្លាក់ទៅក្នុងដៃអ្នកជំនួញ ២០ នាក់”។

“បច្ចុប្បន្ន ស្ថានការណ៍នៃប្រទេសមួយនេះកំពុងមានការបែងចែកកាន់តែឆ្ងាយទៅៗ ជាក់ស្ដែងអ្នកមានគឺកាន់តែមាន ចំណែកអ្នកក្រគឺស្ទើរតែមិនមានអ្វីហូប។ ពួកយើងមិនចង់ឲ្យឥណ្ឌាមានការបែងចែកវណ្ណៈបែបនេះឡើយ ព្រោះប្រសិនបើឥណ្ឌាជាប្រទេសមួយ នោះគ្រប់គ្នាគួរតែទទួលបានឱកាសស្មើៗគ្នា ដូច្នេះទើបគ្រប់គ្នាទទួលបានយុត្តិធម៌”។

បន្ថែមពីនោះ លោក Gandhi ក៏បានចោទប្រកាន់រដ្ឋាភិបាលផងដែរថា ជាដើមចមធ្វើឲ្យវិសមភាពសង្គមមានគម្លាតគ្នាឆ្ងាយឡើងៗ ដោយសារមិនអាចដោះស្រាយវិបត្តិគ្មានការងារធ្វើនៅឥណ្ឌាបាន។
អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ លោក Gandhi បានអះអាងថា ការដែលប្រជាជនអត់ការងារធ្វើ គឺដោយសាររដ្ឋាភិបាលទារថ្លៃពន្ធដារពីអាជីវករតូចតាចខ្លាំងពេក ដែលធ្វើឲ្យអាជីវកម្មខ្នាតតូចជាច្រើនបះជើង ហើយប្រជាជនគ្មានការងារធ្វើ៕
ប្រភព: siasat