កន្លងមក Elon Musk បានព្យាយាមសាកល្បងចូលប្រឡូកនៅលើទីផ្សារអាស៊ី បន្ទាប់ពីជោគជ័យជាមួយនឹងការនាំចេញរថយន្ត Tesla នៅលើទីផ្សារប្រទេសចិន។
តែយ៉ាងណា បំណងប្រាថ្នាចង់នាំយកគម្រោងការណ៍ Starlink របស់ Elon Musk ទៅកាន់ប្រទេសឥណ្ឌាគឺបានបរាជ័យ បន្ទាប់ពីរដ្ឋាភិបាលមិនឯកភាពជាមួយក្រុមហ៊ុន និងបានអះអាងថា ក្រុមហ៊ុនមហាសេដ្ឋីអាមេរិកមិនបានចុះបញ្ជីអាជីវកម្មត្រឹមត្រូវជាមួយពួកគេ។
ស្របពេលជាមួយគ្នានោះ ស្ដេចត្រាញ់ Mukesh Ambani បានឆក់យកឱកាសមាសមួយនេះ ដោយបានចាប់ដៃគូអាជីវកម្មដើម្បីបង្ហោះផ្កាយរណបរបស់ពួកគេ ក្នុងគោលបំណងផ្គត់ផ្គង់ប្រព័ន្ធអ៊ីនធឺណិតពីលំហអាកាសមកកាន់ផែនដី។
ក្រុមហ៊ុន Reliance Jio ដែលគ្រប់គ្រងដោយមហាសេដ្ឋីខាងលើ បានចាប់ដៃជាមួយ SES ដែលជាអ្នកផលិតផ្កាយរណបដែលមានទីតាំងនៅប្រទេសលុចសំបួរ ស្របពេលកាលពីខែមករាកន្លងទៅពួកគេធ្លាប់បានស្នើសុំរដ្ឋាភិបាលឥណ្ឌាក្នុងការសាងសង់ និងផ្គត់ផ្គង់សេវាអ៊ីនធឺណិតតាមផ្កាយរណបផងដែរ។
ក្រៅពី Mukesh Ambani ក៏នៅមានមហាសេដ្ឋីផ្សេងទៀតដែលសម្លឹងឃើញឱកាសមួយនេះ ក្រោយភាពបរាជ័យរបស់ Elon Musk ពោលគឺ ក្រុមហ៊ុន Nelco ដែលជាដៃជើងនៃក្រុមហ៊ុនតម្លៃរាប់ពាន់លានដុល្លារ Tata Group ក៏ត្រូវបានរាយការណ៍មកដែរថា កំពុងជួបចរចាជាមួយក្រុមហ៊ុន Telesat’s Lightspeed របស់ប្រទេសកាណាដា ក្នុងការផ្គត់ផ្គង់សេវាកម្មខាងលើនៅឆ្នាំ ២០២៤។
នៅមិនទាន់អស់ទេ សូម្បីតែ Amazon ក៏លឺល្ហៀងៗមកថា កំពុងរកមើលច្រកចូលទីផ្សារប្រព័ន្ធផ្កាយរណបនៅឥណ្ឌាផងដែរ ដែលនេះគឺជាផ្នែកមួយនេះគម្រោងការណ៍ Project Kruiper របស់ពួកគេ។
បញ្ជាក់ដែរថា សេវាផ្គត់ផ្គង់អ៊ីនធឺណិតផ្ដល់មកពីលំហអាកាស គឺអនុញ្ញាតឲ្យមហាជនប្រើអ៊ីនធឺណិតបានដោយគ្រាន់តែមានឧបករណ៍មួយ និងមិនចាំបាច់មានតំណភ្ជាប់ពីខ្សែអ៊ីនធឺណិតទៅកាន់ប្រអប់អ៊ីនធឺណិតឡើយ៕
ប្រភព: businessinsider