ក្រុមហ៊ុនផលិតស្រាបៀរជប៉ុន Kirin Holdings បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ហើយនិងបញ្ចប់ការបណ្តាក់ទុនរួមគ្នាជាមួយដៃគូអាជីវកម្ម ដែលមានទំនាក់ទំនងជាមួយរបបយោធា នៅក្នុងប្រទេសនេះផងដែរ ។
ជាក់ស្តែង Kirin មានជម្លោះ ជាមួយក្រុមហ៊ុនដៃគូអាជីវកម្មក្នុងស្រុក Myanma Economic Holdings Public Company Limited (MEHPCL) ជុំវិញការបញ្ឈប់ទៅលើការបណ្តាក់ទុនផលិតស្រាបៀររបស់ពួកគេ បន្ទាប់ពីមានរដ្ឋប្រហារយោធា ប្រឆាំងជាមួយនឹងរដ្ឋាភិបាលជាប់ឆ្នោត កាលពីឆ្នាំមុន ។
តែទោះជាយ៉ាងនេះក្តី នាយកប្រតិបត្តិក្រុមហ៊ុនជប៉ុន ធ្លាប់បាននិយាយថា ពួកគេតែងចង់មានវត្តមាននៅក្នុងទីផ្សាររបស់ប្រទេសមីយ៉ាន់ម៉ា ។
មិនតែប៉ុណ្ណោះ អ្នកនាំពាក្យម្នាក់ បាននិយាយថា ឥឡូវនេះក្រុមហ៊ុន Kirin នឹងព្យាយាមស្វែងរកការលក់ក្រុមហ៊ុនអាជីវកម្មចំនួនពីរ នៅក្នុងប្រទេសគឺ Myanmar Brewery Ltd និង Mandalay Brewery Ltd ។
នៅក្នុងការដកខ្លួននេះផងដែរ Kirin បាននិយាយថា ខ្លួននឹងដាក់សារ:សំខាន់ លើជីវភាពរស់នៅ និងសុវត្ថិភាពរបស់កម្មករនៅក្នុងតំបន់ ដែលមានចំនួនប្រហែល ១ ៤៥០ នាក់ ក្នុងចំណោមក្រុមហ៊ុនទាំង ២ ខាងលើ ។
ដោយឡែក ក្រុមហ៊ុន Kirin បាននិយាយទៀតថា ខ្លួននឹងទិញមកវិញ រហូតដល់ ៣,៦% នៃភាគហ៊ុនរបស់ខ្លួន ដែលមានតម្លៃ ៥០ ពាន់លានយ៉េន ឬប្រហែលជាង ៤៣០ លានដុល្លារអាមេរិក ៕
ប្រភព: Bangkok Post