ក្រុមហ៊ុនផលិតសម្ភារៈកីឡាធំបំផុតលើលោក គឺគ្មានអ្នកណាអាចវ៉ាដាច់ Adidas និង NIKE បានឡើយ ដោយសារម៉ាកយីហោមួយនេះបានឈរជើងលើប្រឡូកក្នុងវិស័យកីឡាជាយូរយារណាស់មកហើយ និងទទួលបានភាពជោគជ័យខ្លាំងផងដែរ។

តែកាលពីពេលថ្មីៗនេះ មានដំណឹងល្ហៀងៗមកថា បងប្អូនត្រកូល Issas ដែលជាមហាសេដ្ឋី និងជាវិនិយោគិនលើវិស័យជាច្រើន ចាប់អារម្មណ៍ជាមួយនឹងក្រុមហ៊ុនផលិតសម្ភារៈកីឡាថ្មីមួយ ថែមទាំងបានជ្រោមជ្រែងអាជីវកម្មខ្នាតតូចមួយនេះ ជាមួយឆន្ទៈប្រជែងទីផ្សារ Adidas និង NIKE ទៀតផង។

ក្រុមហ៊ុនដែលបងប្អូនត្រកូល Issas ជួយគាំទ្រមានឈ្មោះថា Castore ដែលបានបង្កើតឡើងនៅឆ្នាំ ២០១៦ ដោយបងប្អូន Tom និង Phil Beahon ជាមួយនឹងទំហំទឹកប្រាក់ប្រមាណ ៨០ ០០០ ផោន ឬជាង ១០ ម៉ឺនដុល្លារ ដែល ៤០% នៃទឹកប្រាក់នោះជាចំណែកបានមកពីការដាក់បញ្ចាំផ្ទះឪពុកម្ដាយរបស់ពួកគេ។

៥ ឆ្នាំក្រោយបន្ទាប់ពីបង្កើតអាជីវកម្មមួយនេះ Castore បានផ្ដល់ឱកាសការងារជូនមនុស្សជាង ១៥០ កន្លែង ស្របពេលបងប្អូនត្រកូល Issas កំពុងជំរុញឲ្យពួកគេងាកមកផ្គត់ផ្គង់សម្ភារៈកីឡាផ្សេងៗដូចជា ធ្វើការជាមួយម្ចាស់ពាន Wimbledon, Andy Murray សហការជាមួយក្រុមនៅក្របខណ្ឌ Premier League ព្រឹត្តិការណ៍ប្រណាំងឡាន McLaren F1 និងកីឡា Cricket នៅអង់គ្លេសជាដើម។ នេះបើតាមការអះអាងពី ECHO៕
ប្រភព: manchestereveningnews