កាលពីពាក់កណ្ដាលខែមករាកន្លងទៅ ក្រុមហ៊ុន Microsft បានប្រកាសថា ពួកគេនឹងទិញយកក្រុមហ៊ុន Activision Blizzard Inc ដែលជាអ្នកផលិតហ្គេមពេញនិយម Call of Duty ក្នុងតម្លៃប្រមាណ ៦៨,៧ ពាន់លានដុល្លារ ដែលជាការទិញធំបំផុតមួយរបស់ក្រុមហ៊ុន។

យ៉ាងណា មកទល់នឹងពេលនេះ កិច្ចកុងត្រាទិញមួយនេះនៅមិនទាន់ចេញជាផ្លូវការនៅឡើយ ស្របពេលថ្មីៗនេះលឺល្ហៀងៗមកថា បិតាវិនិយោគិន Warren Buffet ទើបនឹងជះលុយប្រមាណជិត ១ ពាន់លានដុល្លារទិញភាគហ៊ុននៃក្រុមហ៊ុន ATVI.O មុនពេលក្លាយជាកម្មសិទ្ធិរបស់ Microsoft។

ដោយឡែកបើគិតត្រឹមចុងឆ្នាំ ២០២១ មកទល់ពេលនេះ ក្រុមហ៊ុន Berkshire របស់មិត្តចាស់ Bill Gates ខាងលើគឺក្ដោបក្ដាប់ភាគហ៊ុននៃក្រុមហ៊ុនផលិតហ្គេមល្បីឈ្មោះមួយនេះដល់ទៅជិត ១៥ លានហ៊ុន ល្មមឲ្យពួកគេក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតមួយនៃក្រុមហ៊ុនយក្សនេះ។
បញ្ជាក់ដែរថា លោក Warren Buffet ធ្លាប់បានប្រកាសថា នឹងមិនទិញភាគហ៊ុននៃក្រុមហ៊ុន Microsoft ដាច់ខាត ដោយសារខ្លាចប៉ះពាល់ចំណងមិត្តភាពរវាងលោកជាមួយនឹងស្ថាបនិកក្រុមហ៊ុនយក្សមួយនេះ។

ដូច្នេះការទិញចំណែកភាគហ៊ុន ATVI.O ពេលនេះ អាចរាប់បានថាមិនមែនជាការក្បត់ពាក្យសម្ដីឡើយ ដ្បិតបើមើលឲ្យមែនទែនទៅ Microsoft នៅមិនទាន់គ្រប់គ្រង Activistion Blizzard ស្របច្បាប់ឯណា៕
ប្រភព: reuters