យោងទៅតាមការចុះផ្សាយពីសារព័ត៌មានខ្នាតយក្ស Israeli បានឲ្យដឹងថា ក្រុមហ៊ុន Vale SA បានដកពាក្យបណ្ដឹងចំពោះលោក Beny Steinmetz នៅតុលាការទីក្រុង London ជាមួយនឹងបុគ្គល ៥ រូបទៀត ខណៈដំណើរការកាត់ក្ដីទើបនឹងចាប់ផ្ដើមមិនទាន់បានពាក់កណ្ដាលការគ្រោងទុក ១១ សប្ដាហ៍ផង។
រំលឹកបន្តិចថា ក្រុមហ៊ុនជីករ៉ែធំបំផុតនៅប្រេស៊ីលមួយនេះបានធ្វើការចោទប្រកាន់ទៅកាន់មហាសេដ្ឋីខាងលើថា បានជាប់ពាក់ព័ន្ធនឹងការស៊ីសំណូកសូកប៉ាន់ និងបានទាមទារប្រាក់សំណង ១,២ ពាន់លានដុល្លារកាលពីពេលកន្លងទៅ។
យ៉ាងណា ក្រោយដាក់ពាក្យបណ្ដឹងមិនបានប៉ុន្មាន ខាងដើមចោទបានដកពាក្យបណ្ដឹងមកវិញ ក្រោមហេតុផល ពេលវេលាមិនសក្ដិសម និងបានរំសាយចោលនូវការបង្កកការបញ្ជាទិញដែលធ្វើឲ្យប៉ះពាល់ដល់ជំនួញរបស់ Steinmetz ទាំងអស់។ នេះបើតាមការឲ្យដឹងពីលោក Bobby Morse មេធាវីការពារក្ដីរបស់មហាសេដ្ឋីជនជាតិអ៊ីស្រាអែល។
បញ្ជាក់ដែរថា ក្រុមហ៊ុន Vale បានធ្វើការប្ដឹងផ្ដល់ជាមួយគោលបំណងទារថ្លៃជំងឺចិត្ត ១,២ ពាន់លានដុល្លារ បន្ទាប់ពីចោទប្រកាន់ Steinmetz និងដៃគូជំនួញរបស់លោក ថាបានឃុបឃិតលួចកែប្រែកិច្ចសន្យាជីកអណ្ដូងរ៉ែនៅប្រទេសហ្គីណេដែលមានតម្លៃរាប់ពាន់លានដុល្លារ។
រឿងក្ដីមួយនេះទៀតសោត គឺត្រូវបានគេចាត់ទុកថាជាជម្លោះដ្រាម៉ារវាងក្រុមហ៊ុនរ៉ែ និងមហាសេដ្ឋីវែងឆ្ងាយបំផុតមួយ ដោយសារតែមានការស៊ើបអង្កេតឆ្លងដល់ ២ ប្រទេសគឺ សហរដ្ឋអាមេរិក និងប្រទេសស្វីស៕
ប្រភព: bnnbloomberg