អតីត​ស្ដេច​ប្រដាល់ Pacquiao ទម្លាយ​ថា បើ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី ​បញ្ហា​គ្រឿងញៀន​ក្នុង​ប្រទេស​នឹង​ដោះស្រាយ​ដោយ​ “សន្តិវិធី”

អន្តរជាតិ

ប្រទេស​ហ្វីលីពីន​ជា​ប្រទេស​មួយ​ដែល​ល្បី​ខ្លាំង​ខាង​បញ្ហា​គ្រឿងញៀន​ក្នុង​ប្រទេស រហូត​ដល់​ប្រធានាធិបតី Rogdrigo Duterte បាន​ប្រកាស​ជា​ផ្លូវការ​ថា នឹង​ប្ដេជ្ញា​លុប​បំបាត់​បញ្ហា​មួយ​នេះ បើ​ទោះ​ជា​ត្រូវ​បង្ក​ជា​សង្គ្រាម​ស៊ីវិល​ក្ដី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា គ្រប់​បញ្ហា​ដែល​ដោះស្រាយ​ដោយ​អំពើ​ហិង្សា​មិនអាច​ជា​ដំណោះស្រាយ​ដ៏​ល្អ​ឡើយ ស្របពេល​អតីត​អ្នកប្រដាល់ Manny Pacquiao ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​អាណត្តិ​ក្រោយ​បាន​ប្ដេជ្ញា​ថា លោក​នឹង​ដោះស្រាយ​វិបត្តិ​សង្គម​មួយ​នេះ​ដោយ​ “សន្តិវិធី” និង​មិន​ប្រើប្រាស់​អាវុធ​ជា​ដំណោះស្រាយ​ឡើយ។

ដំណោះស្រាយ​ដែល​អតីត​ស្ដេច​ប្រដាល់​មួយ​នេះ​អះអាង​គឺ លោក​នឹង​ស្នើសុំ​ចូល​រួម​ជាថ្មី​ជាមួយ​នឹង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ​ហៅកាត់ ICC ដែល​ប្រធានាធិបតី​ Rodrigo បាន​ប្រកាស​ផ្ដាច់ខ្លួន​កាលពី​ឆ្នាំ ២០១៨។

យ៉ាងណា ក្រឡេក​ទៅ​មើល​មធ្យោបាយ​ដែល​លោក Rodrigo បាន​ធ្វើ​កន្លងមក ដោយ​ស្ទើរតែ​ប្រែ​ប្រទេស​ហ្វីលីពីន​ទៅជា​សង្គ្រាម​ស៊ីវិល​ជាមួយ​ពួក​ជួញដូរ​គ្រឿងញៀន គឺ​ពិតជា​បាន​ផល​មែន​ ពោល​ចាប់តាំង​ពី​អនុវត្ត​មក ក្រុម​អ្នក​ជួញដូរ​រាប់ពាន់​នាក់​ត្រូវ​បាន​បោសសំអាត ស្របពេល​អង្គការ​សិទ្ធិមនុស្ស​ធ្លាប់​ថ្កោលទោស​លោក​ដែរ តែ​ក្រុម​ប៉ូលិស​អះអាង​ថា អ្នក​ដែល​បាន​ស្លាប់​គឺ​សុទ្ធ​តែ​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន​របស់​ប៉ូលិស និង​វាយ​ប្រហារ​មក​លើ​ពួកគេ​មុន។

អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​ Duterte មិន​អាច​ចូលរួម​ជាមួយ ICC បន្ត​ទៀត​បាន ក្រោយ​បង្ក​ព្យុះភ្លៀង​ក្នុង​ប្រទេស និង​រារាំង​ការ​ស៊ើបអង្កេត​ពី​អង្គការ​អន្តរជាតិ​ជាមួយ​នឹង​បទឧក្រិដ្ឋ​របស់​លោក​ទាក់ទង​នឹង​សិទ្ធិមនុស្ស ទើប​តម្រូវ​ឲ្យ​ហ្វីលីពីន​ផ្ដាច់ខ្លួន​ចេញ​ពី ICC នៅ​ឆ្នាំ ២០១៨។

ដោយឡែក បច្ចុប្បន្ន​ក្រុម​អ្នក​សារព័ត៌មាន​បាន​ឲ្យដឹង​ថា ការិយាល័យ​ប្រធានាធិបតី​មិនអាច​ស្នើសុំ​ព័ត៌មាន​ទាក់ទង​នឹង​ការ​អះអាង​របស់​បេក្ខភាព​ប្រធានាធិបតី Manny Pacquiao បាន​ឡើយ៕

ប្រភព: Kelo