លោក Harold Hamm ដែលជាមហាសេដ្ឋីជនជាតិអាមេរិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Continental Resources Inc., ដែលជាក្រុមហ៊ុនខួងរ៉ែធំបំផុតមួយ បាននឹងកំពុងផ្ដល់ជូនឲ្យកូនៗទាំង ៥ របស់លោកនូវចំណែកភាគហ៊ុនដែលមានតម្លៃដល់ទៅ ២,៣ ពាន់លានដុល្លារ ដោយមិនបង់ពន្ធ។
យោងទៅតាមការចុះផ្សាយពី Bloomberg បានឲ្យដឹងថា បុរសវ័យ ៧៦ ឆ្នាំ បានឆ្លៀតឱកាសយ៉ាងល្អឥតខ្ចោះ ដោយចេះកេងយកផលប្រយោជន៍ពីច្បាប់របស់អាមេរិក សម្រាប់ការលើកលែងពន្ធនៃការផ្ដល់ជូនឲ្យសាច់ញាតិ ដែលជាទ្រព្យសម្បត្តិរាប់ជាកាដូរផ្សេងៗ។
តែបើមើលឲ្យជាក់ស្ដែងទៅ ច្បាប់មួយនេះបានផ្ដល់ផលប្រយោជន៍ខ្លាំងដល់ក្រុមមហាសេដ្ឋីសម្រាប់ការផ្ទេរមរតករបស់ពួកគេទៅកាន់កូនចៅជំនាន់ក្រោយដោយមិនចំណាយថវិកាលើពន្ធដារសូម្បីមួយកាក់។
ដើម្បីអាចផ្ទេរមរតកទៅកាន់កូនៗបាន មហាសេដ្ឋីរូបនេះបានបង្កើតគណនីជឿទុកចិត្តរបស់ពួកគេនីមួយតាមរយៈការខ្ចីប្រាក់ ហើយបើតាមឯកសារបញ្ជាក់ នៅថ្ងៃទី ០១ កក្កដា ២០២០ លោកបានខ្ចីប្រាក់ប្រមាណ ៧៦១ លានដុល្លារនៅក្នុងគណនីនីមួយៗរបស់កូនៗ ជាមួយអត្រាការប្រាក់ទាបបំផុត ដែលមើលទៅសមល្មមអាចដោះបំណុលនេះបានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
ស្របពេលជាមួយគ្នានោះ រាប់ពីខែកក្កដា ២០២០ ដល់កុម្ភៈ ២០២២ តម្លៃភាគហ៊ុននៃក្រុមហ៊ុន Continental បានឡើងរហូតជិត ២៥០% ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់កូនៗរបស់លោកកើនដល់ជាង ២ ពាន់លានដុល្លារក្នុងម្នាក់។
យ៉ាងណា ពួកគេនៅតែជៀសមិនផុតពីការបង់ពន្ធសម្រាប់ទ្រព្យសម្បត្តិរបស់ពួកគេរៀងខ្លួន ប្រសិនបើពួកគេលក់ចំណែកភាគហ៊ុនទាំងនោះ ដ្បិតវាជាពន្ធលើប្រាក់ចំណេញនៃក្រុមហ៊ុន Continental ខណៈពួកគេមិនអាចធ្វើវាបានឡើយ លុះត្រាតែលោក Harold ទទួលអនិច្ចកម្ម៕
ប្រភព: Nairametrics